(ហ្សាការតា)៖ យ៉ាងហោចណាស់មនុស្ស ០៦នាក់បានស្លាប់ នៅក្នុងទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងមូសុងខ្លាំង នៅលើកោះរមណីយដ្ឋានប៉ាលីដ៏ល្បីរបស់ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។
ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយកោះបាលី លោក Made Rentin បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា គ្រោះមហន្តរាយដែលបានវាយប្រហារកោះនេះ ចាប់តាំងពីថ្ងៃចន្ទមកម្លេះ ហើយក៏បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយសាធារណៈ និងផ្ទះសម្បែងផងដែរ។
លោក Rentin បាននិយាយថា «សាធារណៈជនត្រូវបានណែនាំឱ្យរក្សាការប្រុងប្រយ័ត្ន ចំពោះអាកាសធាតុខ្លាំងដែលអាចបង្កឱ្យមានគ្រោះមហន្តរាយ ដូចជាទឹកជំនន់ ការរអិលបាក់ដី ខ្យល់បក់ខ្លាំង និងដើមឈើដួលរលំជាដើម៕