(វ៉ាស៉ីនតោន)៖ យោធាអាមេរិកបានទទួលស្គាល់ថា យន្តហោះទម្លាក់គ្រាប់បែក B-1B ប៉ុន្មានគ្រឿង បានទៅដល់កោះហ្កាំក្នុងសប្តាហ៍នេះ ដែលជាបេសកកម្មលើកទី២របស់ពួកវាទៅកាន់ហ្កាំ ក្នុងឆ្នាំ២០២២នេះ ចំពោះមុខភាពតានតឹងពាក់ព័ន្ធនឹងតៃវ៉ាន់ ក៏ដូចជា​កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។

នៅពេលត្រូវបានសាកសួរថាតើ បេសកកម្មរបស់ក្រុមយន្តហោះទម្លាក់គ្រាប់បែកខាងលើ គឺជាការផ្ញើសារទៅកាន់កូរ៉េខាងជើងឬយ៉ាងណា អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក លោក ភែត រ៉ៃដឺ (Pat Ryder) បានឆ្លើយតបដូច្នេះថា «វាគឺជាសារបង្ហាញថា សហរដ្ឋអាមេរិកឈរនៅជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនយ៉ាងប្រកៀក ដើម្បីទប់ស្កាត់សកម្មភាពបង្កហេតុណាមួយ ពីគូសត្រូវនានា»។ លោក រ៉ៃដឺ បានបន្ថែមថា វត្តមានរបស់ពួកវា ក៏មានគោលដៅបង្ហាញឱ្យឃើញថា សហរដ្ឋអាមេរិកមានសមត្ថភាពធ្វើប្រតិបត្តិការជាសកល បានគ្រប់ពេលផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២២នេះ មកទល់ឥឡូវ កូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៉ីលច្រើនដងបំផុត រួមមានទាំង១លើក ដែលបានបាញ់រំលងជប៉ុនផងដែរ។ ម៉្យាងវិញទៀត ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងសេអ៊ូល បានបន្តអះអាងថា ទីក្រុងព្យុងយ៉ាងក៏ហាក់កំពុងត្រៀម ធ្វើតេស្តបំផ្ទុះអាវុធនុយក្លេអ៊ែរឡើងវិញ ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មក ថែមទៀតផង។

ចំណែកស្ថានការណ៍ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ក៏មានភាពតានតឹងខ្លាំងផងដែរ ចាប់តាំងពីប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) បានទៅបំពេញទស្សនកិច្ចនៅដែនកោះនេះ កាលពីដើមខែសីហា។ សកម្មភាពនោះបានធ្វើឱ្យចិនខឹងសម្បារជាខ្លាំង និងជំរុញឱ្យទីក្រុងប៉េកាំងឆ្លើយតបវិញ តាមរយៈការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅក្បែរកោះតៃវ៉ាន់ រួមមានទាំងការបាញ់មីស៉ីលជាច្រើនគ្រាប់ ហោះរំលងតៃវ៉ាន់៕