(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃសុក្រនេះ បានប្រកាសថា ករណីវីរុសផ្តាសាយបក្សីមួយប្រភេទហៅថា H5 ទើបត្រូវបានរកឃើញជាលើកដំបូង នៅក្នុងប្រទេសវៀតណាម គិតចាប់តាំងពីឆ្នាំ២០១៤មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។
ករណីខាងលើគឺជា ក្មេងស្រីម្នាក់មានអាយុ៥ឆ្នាំ ស្ថិតនៅខេត្តហ្វូថូ (Phu Tho) ភាគខាងជើង។ កុមារីម្នាក់នោះ បានបរិភោគសាច់សត្វមាន់ ដែលមានរោគសញ្ញាឈឺថ្កាត់ ប្រមាណជា១សប្តាហ៍ មុនពេលត្រូវបញ្ជូនទៅសង្រ្គោះព្យាបាលនៅឯមន្ទីរពេទ្យ។ បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរវៀតណាម បានយកសំណាកពីមនុស្ស៦៥នាក់ ដែលជាប់ពាក់ព័ន្ធ ប៉ុន្តែលទ្ធផលចេញមកសុទ្ធតែអវិជ្ជមាន ចំពោះវីរុសផ្តាសាយបក្សី H5 ហើយពួកគេមានសុខភាពធម្មតា។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលវៀតណាម បានបង្គាប់ឱ្យអាជ្ញាធរបង្កើនចំណាត់ការតាមដាន និងស្វែងរកករណីវីរុសផ្តាសាយបក្សី ដើម្បីទប់ស្កាត់កុំឱ្យមានការរីករាលដាលខ្លាំង។ ចាប់តាំងពីឆ្នាំ២០០៣មក វៀតណាមបានកត់ត្រាករណីមនុស្សឆ្លងវីរុសផ្តាសាយបក្សី សរុប១២៨ករណី ហើយសុទ្ធតែជាវីរុស H5N1 ខណៈក្នុងចំណោមនោះ ៦៤នាក់បានបាត់បង់ជីវិត៕