(តេហេរ៉ង់)៖ រដ្ឋាភិបាលអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ បានណែនាំពលរដ្ឋរបស់ខ្លួនកុំឲ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ហើយបានជំរុញឲ្យជនជាតិអ៊ីរ៉ង់នៅទីនោះចាកចេញ មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា បានជួយរុស្ស៊ីធ្វើប្រតិបត្តិការយន្តហោះដ្រូនប្រឆាំងនឹងអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។

សារណែនាំខាងលើរបស់ក្រសួងការបរទេសអ៊ីរ៉ង់ មិនមានការលើកឡើងអំពី ការចោទប្រកាន់របស់អាមេរិកឡើយ ខណៈនៅក្នុងនោះ មានភ្ជាប់លេខទូរសព្ទមួយខ្សែ សម្រាប់ឱ្យស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងកៀវ សម្រាប់ទាក់ទងសាកសួរយោបល់។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៉ីរ៉ង់ បាននិយាយដូច្នេះថា «ដោយសារតែការកើនឡើងកម្តៅយោធានៅអ៊ុយក្រែន ប្រជាជនអ៊ីរ៉ង់ទាំងអស់ត្រូវបានទទូចណែនាំ កុំឱ្យធ្វើដំណើរទៅកាន់អ៊ុយក្រែន។ ដូចគ្នានេះ ប្រជាជនអ៊ីរ៉ង់ដែលកំពុងរស់នៅ ក្នុងប្រទេសអ៊ុយក្រែន ក៏ត្រូវបានណែនាំឲ្យចាកចេញពីប្រទេសនេះ ដើម្បីសុវត្ថិភាពរបស់ពួកគេផ្ទាល់ផងដែរ»

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សេតវិមានអាមេរិក បានចោទប្រកាន់ថា កងកម្លាំងអ៊ីរ៉ង់កំពុងស្ថិតនៅលើទឹកដី នៃតំបន់គ្រីមៀ ដើម្បីជួយរុស្ស៊ីកំណត់គោលដៅវាយប្រហារអ៊ុយក្រែន ដោយប្រើយន្តហោះដ្រូន។ រីឯអ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក ចន ឃឺប៊ី បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកឥឡូវនេះមានការព្រួយបារម្ភថា រុស្ស៊ីអាចស្វែងរកទិញសព្វាវុធទំនើបៗពីប្រទេសអ៊ីរ៉ង់ ដូចជាមីស៊ីលបាញ់ពីចេញពីផ្ទៃដីទៅកាន់ផ្ទៃដី (surface-to-surface) សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន៕