(ប៉េកាំង)៖ «ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ ការគាំពារសន្តិភាពពិភពលោក និងជំរុញកម្មវត្ថុគោលនយោបាយការទូត ស្តីពីការអភិវឌ្ឍជាមួយគ្នា ដើម្បីខិតខំប្រឹងប្រែងជំរុញការបង្កើត សហគមន៍រួមវាសនារបស់មនុស្សជាតិ»។ សមាជបក្សកុម្មុយនីស្តចិនលើកទី២០ កំពុងបើកធ្វើ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានសម្តែងអាកប្បកិរិយាដូចខាងលើ នៅពេលលោកតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នីតិកាលទី១៩ធ្វើរបាយការណ៍ការងារ ដែលបាននាំឱ្យសហគមន៍អន្តរជាតិពិភាក្សាគ្នាយ៉ាងសកម្ម និងយ៉ាងទូលំទូលាយ។

ឥស្សរជនវិភាគបានសម្គាល់ឃើញជាទូទៅថា នេះបានបង្ហាញពីការប្តេជ្ញាចិត្តនិងជំនឿចិត្តរបស់ចិន ដែលប្រកាន់ខ្ជាប់ការដើរតាមផ្លូវទំនើបកម្ម ដែលមានការអភិវឌ្ឍដោយសន្តិភាពយ៉ាងមុតមាំ បក្សកុម្មុយនីស្តចិននឹង «បន្តរួមចំណែកកាន់តែធំដល់សន្តិភាព វឌ្ឍនភាពនិងវិបុលភាពរបស់ពិភពលោកតទៅទៀត»

ចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើងមក មិនដែលបំផុសសង្គ្រាមនិងការប៉ះទង្គិចណាមួយដោយម្ចាស់ការនោះទេ ហើយក៏មិនដែលឈ្លានពានទឹកដីរបស់ប្រទេសដទៃទៀត សូម្បីតែមួយតឹកក៏គ្មានដែរ។ បច្ចុប្បន្ននេះ ប្រទេសចិនជារដ្ឋសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានចាត់បញ្ជូនបុគ្គលិករក្សាសន្តិភាពច្រើនបំផុត និងជាប្រទេសដែលទម្លាក់ថវិកាសម្រាប់រក្សាសន្តិភាពច្រើនទីពីរ នៃអង្គការសហប្រជាជាតិ ដែលត្រូវគេកោតសរសើរថា ជា «កម្លាំងគន្លឹះ» ក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

ការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព មិនត្រឹមតែបាននាំឱ្យប្រទេសចិនបោះជំហានឆ្ពោះ ទៅកាន់ទំនើបកម្មប៉ុណ្ណោះទេ ថែមទាំងក៏បានបំពេញបន្ថែម នូវថាមពលវិជ្ជមានដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍ និងសន្តិភាពនៃពិភពលោកផងដែរ។ ចិនបានគាំពារសន្តិភាពពិភពលោកនិងជំរុញការអភិវឌ្ឍរួម ដោយការអនុវត្តជាក់ស្តែងរបស់ខ្លួនជាប់រហូតមក។

នៅខែកញ្ញាឆ្នាំ២០២១ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល នៅពេលអញ្ជើញចូលរួមការជជែកដេញដោលជាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦។ ខ្លឹមសារជាស្នូលគឺជំរុញការអភិវឌ្ឍរួម និងបង្កើតសហគមន៍រួមវាសនា នៃការអភិវឌ្ឍសកល។

ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលត្រូវបានអនុវត្តជាក់ស្តែងរួចហើយ មានប្រទេសជាង១០០ និងអង្គការអន្តរជាតិជាច្រើន បានគាំទ្រគំនិតផ្តួចផ្តើមនេះ ហើយប្រទេសចំនួនជាង៦០បានចូលក្នុង «ក្រុមមិត្តភក្តិនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល»។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលជាការរួមចំណែកមួយទៀតរបស់ចិន ដើម្បីដោះស្រាយបញ្ហាពិបាកអំពីការអភិវឌ្ឍសកល ហើយក៏បានផ្តល់ «ម៉ាស៊ីនពន្លឿន» ដល់ការជំរុញរបៀបវារៈអភិវឌ្ឍន៍ ជានិរន្តរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិផងដែរ។

អភិវឌ្ឍខ្លួនឯងក្នុងការគាំពារសន្តិភាពពិភពលោក ហើយគាំពារសន្តិភាពពិភពលោក និងជំរុញការអភិវឌ្ឍរួមឱ្យបានកាន់តែល្អប្រសើរ តាមរយៈការអភិវឌ្ឍរបស់ខ្លួនឯង នេះគឺជាផ្លូវអភិវឌ្ឍន៍ដោយសន្តិភាពដែលប្រទេសចិនបានដើរ។ ក្នុងដំណើរកសាងប្រទេសទំនើប ដោយគ្រប់ជ្រុងជ្រោយ បក្សកុម្មុយនីស្តចិននឹងបន្តអភិវឌ្ឍខ្លួនឯង ដើម្បីផ្តល់ផលប្រយោជន៍ និងសុខសុភមង្គលដល់ពិភពលោក។ ហើយពិភពលោកក៏នឹងបន្តធ្វើជាសក្សីនៃការដែល «បក្សកុម្មុយនីស្តចិនជាបក្សស្វែងរកសុភមង្គលជូនប្រជាជនចិន ហើយក៏ជាបក្សដែលតស៊ូព្យាយាម ដើម្បីបុព្វហេតុវឌ្ឍនភាពរបស់មនុស្សជាតិផងដែរ»៕

វិទ្យុមិត្តភាពកម្ពុជាចិន