(ព្រុចសែល)៖ មេដឹកនាំសហភាពអឺរ៉ុប (EU) បានបរាជ័យក្នុងឈានដល់កិច្ចព្រមព្រៀងរួមមួយ ស្តីពីផែនការជួយការពារពលរដ្ឋរបស់ខ្លួន ពីការកើនឡើងតម្លៃថាមពល ទោះបីជាមានការជជែកវែកញែកជាច្រើនម៉ោង នៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុងព្រុចសែលក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។

មេដឹកនាំរបស់ប្រទេសទាំង២៧ នៃប្លុកនេះ បានបញ្ចប់កិច្ចប្រជុំកំពូលលើកទីពីររបស់ពួក ជាមួយនិងការប្រកាសអំពី «ផែនទីបង្ហាញផ្លូវ» ឆ្ពោះទៅវិធានការកាត់បន្ថយវិបត្តិថាមពល ដែលបានកើនឡើងដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួស៊ូឡា វ៉ុនឌែរ ឡេយិន (Ursula von der Leyen) បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសុក្រនេះ យ៉ាងដូច្នេះថា «ឥឡូវនេះយើងមានផែនទីបង្ហាញផ្លូវដ៏ល្អ និងរឹងមាំដើម្បីបន្តធ្វើការលើប្រធានបទតម្លៃថាមពល»

លោក ឆាល មីឆែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប បាននិយាយថា «មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងជាឯកច្ឆន្ទ ដើម្បីធ្វើសកម្មភាពរួមគ្នា ក្នុងនាមជាអឺរ៉ុប ដើម្បីសម្រេចបាននូវគោលដៅចំនួនបី គឺការបញ្ចុះតម្លៃ ការធានាសុវត្ថិភាពនៃការផ្គត់ផ្គង់ និងការបន្តធ្វើការដើម្បីកាត់បន្ថយតម្រូវការ»

យ៉ាងនេះក្តី នៅមិនទាន់មានការកំណត់ថាតើពេលវេលាណា ទើបការសម្រេចលើការកំណត់តម្លៃថាមពល ត្រូវបានធ្វើឡើងនោះទេ ដោយរដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុប គ្រោងជួបប្រជុំនៅប្រទេសលុចសំបួ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីពិភាក្សាគ្នាបន្ថែមទៀត៕