(ស្តុកខុល)៖ នាយករដ្ឋមន្រ្តីស៊ុយអែតលោក អូល គ្រីស្ទើសុន (Ulf Kristersson) ដែលទើបតែឡើងកាន់តំណែងកាលពីពេលថ្មីៗនេះ បាននិយាយថា រូបលោកត្រៀមលក្ខណៈជាស្រេច ក្នុងការធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ា ដើម្បីព្យាយាមទទូចឱ្យតួកគីផ្តល់សច្ចាប័នឱ្យបានឆាប់ ចំពោះការទទួលយកប្រទេសលោក ហើយនិងហ្វាំងឡង់ ចូលជាសមាជិករបស់អង្គការណាតូ (NATO)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ​ ទី២១ ខែតុលា ឆ្នាំ២០២២។

«ខ្ញុំបានបង្ហាញសញ្ញារួចជាស្រេច ទៅកាន់រដ្ឋាភិបាលតួកគីថា យើងត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ាភ្លាមៗ»។ លោក គ្រីស្ទើសុន បានលើកឡើងយ៉ាងដូច្នេះ នៅពេលលោកបានទៅដល់ទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៉ិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយរបស់សហភាពអឺរ៉ុប ពោលគឺ២ថ្ងៃបន្ទាប់ពីលោក ក្លាយជានាយករដ្ឋមន្រ្តីរបស់ស៊ុយអែត។

គួរបញ្ជាក់ថា ស៊ុយអែតនិងហ្វាំងឡង់ បានពាក្យដំណាលគ្នា ដើម្បីស្នើចូលជាសមាជិកអង្គការណាតូ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំនេះ។ មកទល់ឥឡូវ សមាជិក២៨ ក្នុងចំណោមសមាជិកទាំង៣០ របស់ណាតូ បានផ្តល់សច្ចាប័នរួចរាល់ ដើម្បីទទួលយកស៊ុយអែតនិងហ្វាំងឡង់ ខណៈនៅសល់តែការផ្តល់សច្ចាប័ន ពីសមាជិក២ទៀតប៉ុណ្ណោះ នោះគឺតួកគីនិងហុងគ្រី៕