(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា ហ្វីលីពីននឹងទិញឧទ្ធម្ភាគចក្រយោធាពីសហរដ្ឋអាមេរិក បន្ទាប់ពីលុបចោលកិច្ចព្រមព្រៀងតម្លៃ ២១៥លានដុល្លារ ស្តីពីការទិញឧទ្ធម្ភាគចក្រយោធារបស់រុស្ស៉ី ក្រោមក្តីបារម្ភអំពីទណ្ឌកម្ម ក្រោយទីក្រុងមូស្គូបានបើកឈ្លានពានលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។

លោក ម៉ាកូស ចេអរ បានបន្តថា ទីក្រុងម៉ានីលក៏នឹងព្យាយាមស្នើឱ្យទីក្រុងមូស្គ ប្រគល់ត្រឡប់មកវិញយ៉ាងហោចខ្លះៗ នៃថវិកាប្រហែលជាង៣០លានដុល្លារ ដែលហ្វីលីពីនបានបង់ទុកជាមុនឱ្យភាគីរុស្ស៉ី សម្រាប់ការទិញឧទ្ធម្ភាគចក្រយោធាដឹកជញ្ជូន Mi-17 ចំនួន១៦គ្រឿង។ បើតាមលោក ម៉ាកូស ឥឡួវនេះគឺហ្វីលីពីនធានាបាន ជម្រើសផ្គត់ផ្គង់ពីសហរដ្ឋអាមេរិកវិញ ប៉ុន្តែលោកមិនបានបង្ហើបថា នឹងទិញឧទ្ធម្ភាគចក្រធុនណាឡើយ។ កន្លងមក ឧទ្ធម្ភាគចក្រយោធាដឹកជញ្ជូនធុនធ្ងន់ CH-47 Chinook របស់ក្រុមហ៊ុន Boeing ត្រូវគេមើលឃើញថា អាចជម្រើសជំនួសឧទ្ធម្ភាគចក្រ Mi-17 របស់រុស្ស៉ី។

គួរបញ្ជាក់ថា វាគឺជាការអត្ថាធិប្បាយសាធារណៈលើកដំបូងបំផុតរបស់លោក ម៉ាកូស ចេអរ ពាក់ព័ន្ធបញ្ហានេះ ចាប់តាំងតែពីកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្ររុស្ស៉ី ត្រូវបានលុបចោលកាលពីមិថុនាកន្លងទៅ ដោយអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានកើតឡើងកាលពីខែកុម្ភៈ ហើយទណ្ឌកម្មជាច្រើនប្រភេទ ត្រូវបានដាក់ទៅលើទីក្រុងមូស្គូ ពីសំណាក់ក្រុមលោកខាងលិច។

ដោយឡែក កាលពីថ្ងៃពុធសប្តាហ៍នេះ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំហ្វីលីពីន លោក ម៉ារ៉ាត ផាវឡូវ (Marat Pavlov) បាននិយាយថា ទីក្រុងមូស្គូមិនទាន់ទទួលបាន ការជូនដំណឹងផ្លូវការណាមួយ អំពីការលុបចោលកិច្ចសន្យានៅឡើយទេ ហើយបានស្នើឱ្យភាគីហ្វីលីពីន គោរពតាមកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រនោះឡើងវិញ ដែលត្រូវបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២១៕