(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអនុម័តសេចក្តីស្នើដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ លើភរិយានិងកូនស្រីរបស់លោក សឺហ្គៃ ឡារ៉ូវ ដែលជារដ្ឋមន្រ្តីការបរទេសរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។
គេហទំព័រប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា ទណ្ឌកម្មនេះត្រូវបានដាក់លើ លោកស្រី ម៉ារីយ៉ា អាឡិចសាន់ដ្រូវ៉ា ឡារ៉ូវវ៉ា (Maria Alexandrovna Lavrova) និងអ្នកនាង យ៉េកាតឺរីណា សឺហ្គៃយីវណា វីនូគូរ៉ូវ៉ា (Yekaterina Sergeyevna Vinokurova) សម្រាប់រយៈពេល១០ឆ្នាំ។ វិធានការនេះរួមមានការរឹតបន្តឹងដូចជា ការបង្កកទ្រព្យសម្បត្តិ និងការហាត់ឃាត់មិនឲ្យទិញដី។ ហើយទណ្ឌកម្មនេះ ក៏ត្រូវបានដាក់ស្វាមីរបស់អ្នកនាង Vinokurova ផងដែរ ដែលជាប្រធានក្រុមហ៊ុន Marathon Group។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមិថុនា ប្រធានាធិបតីអ៊ុយក្រែន បានដាក់ទណ្ឌកម្មលើប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងមន្រ្តីកំពូលរបស់រុស្ស៉ីផ្សេងទៀត រួមទាំងសមាជិកគណៈរដ្ឋមន្រ្តី ដូចជារដ្ឋមន្រ្តីការបរទេសរុស្ស៉ីផងដែរ៕