(ស៉ីដនី)៖ អូស្រ្តាលី នឹងត្រៀមថវិកាចំនួន ២៩លានដុល្លារ ដើម្បីផ្តល់មូនិធិដល់ការដាក់ពង្រាយប៉ូលិស នៅលើប្រទេសដីកោះសូឡូម៉ុន ក្នុងកញ្ចប់ថវិកាសប្តាហ៍ក្រោយ ដែលជាផ្នែកមួយនៃការបន្ថែមការចំណាយសម្រាប់តំបន់ប៉ាស៉ីហ្វិក និងបំណង់ចង់ពង្រឹងគោលជំហររបស់ខ្លួន ចំពេលដែលប្រទេសចិនកំពុងស្វែងរកការពង្រីកឥទ្ធិពលនៅតំបន់នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។
ក្នុងសុន្ទរកថាមួយនៅឯសាកលវិទ្យាល័យ French Polynesia នាថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ផេននី វង់ (Penny Wong) បានគូសបញ្ជាក់ថា «ជំនួយរបស់យើងនឹងជួយឲ្យដៃគូក្នុងតំបន់របស់យើង កាន់តែមានភាពធន់នឹងសេដ្ឋកិច្ច...ផ្តល់នូវការពារសុវត្ថិភាពផ្ទាល់ខ្លួនដោយមិនចាំបាច់អំពាវនាវឲ្យអ្នកដ៏ទៃជួយ។ ជំនួយបន្ថែមនេះ នឹងធានាថាយើងបានបន្តផ្តល់ការគាំទ្រជាថវិកាដោយផ្ទាល់ ដើម្បីកាត់បន្ថយបញ្ហាសារពើពន្ធ ធានានូវសេវាកម្មសំខាន់ៗរបស់រដ្ឋាភិបាលសូឡូម៉ុន»។
គួរបញ្ជាក់ថា វត្តមានកាន់តែច្រើនឡើងរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក រួមទាំងការចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយសូឡូម៉ុន កាលពីខែមេសា បានធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអូស្ត្រាលី មានការព្រួយបារម្ភតាមរយៈការមើលឃើញថាតំបន់នេះភាគច្រើន បានទទួលរងនូវឥទ្ធិពលរបស់ទីក្រុងប៉េកាំង៕