(ឡុងដ៍)៖ ខណៈក្រុមអ្នកគាំទ្រមួយចំនួន ចង់ឲ្យអតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ត្រលប់មកដឹកនាំប្រទេសវិញ ក៏មានក្រុមអ្នករិះគន់ បានហៅសកម្មភាពនេះ ថាជា «ការប្រមាថ» ដល់ប្រជាជនអង់គ្លេស ដែលបញ្ហានេះបានបន្ថែមភាពក្តៅគគុកលើនយោបាយអង់គ្លេស ដែលកំពុងពុះកញ្រ្ជោលរួចទៅហើយ នោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។
នៅលើបណ្តាញសង្គម Twitter ក្រុមអ្នកគាំទ្រគណបក្សអភិរក្សកំពុងព្យាយាមទាញការចាប់អារម្មណ៍ ដោយការបង្ហោះសារ ដែលសរសេរថា #BringBorisBack ភ្លាមៗ បន្ទាប់ពីលោកស្រី លីស ត្រាស់ បានប្រកាសលាលែងពីតំណែង កាលពីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់)។ ចំណែក សមាជិកសភាមួយរូប គឺលោក ប្រេនដាន់ ក្ល៊ឺកស្មីត (Brendan Clarke-Smith) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស យ៉ាងដូច្នេះថា «នាយករដ្ឋមន្ត្រីបន្ទាប់ គឺត្រូវការ «អាណត្តិ» ពីអ្នកបោះឆ្នោត និងសមាជិកបក្ស ហើយ លោក ចនសុន គួរតែជា «អ្នកដែលអាចក្លាយជាអ្នកឈ្នះ»។
យ៉ាងនេះក្តី មេដឹកនាំបក្សប្រឆាំង លោក ខីយឺ ស្តាំមឺ (Keir Starmer) បានរំលឹកឡើងវិញនូវទស្សនៈរបស់លោក ថាលោក ចនសុន គឺមិនសមជាអ្នកដឹកនាំអង់គ្លេសឡើយ។
គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានលាលែងពីតំណែងកាលពីដើមខែកញ្ញាកន្លងទៅ ក្រោយរដ្ឋមន្ត្រីរបស់លោកបានលាលែងចេញពី តំណែងម្ដងម្នាក់ៗ ដើម្បីបង្ហាញការមិនពេញចិត្តចំពោះការដឹកនាំរបស់លោកដែលពោរពេញដោយរឿងអាស្រូវ។ យោងតាមកាសែត The Times លោក ចនសុន មានបំណងចូលរួមក្នុងការប្រកួតប្រជែង ដើម្បីស្នងតំណែងលោកស្រី តា្រស់៕