(ឡុងដ៍)៖ គណបក្សអភិរក្សនិយមរបស់ចក្រភពអង់គ្លេស នឹងរៀបចំការបោះឆ្នោតជ្រើសតាំងមេដឹកនាំថ្មីរបស់ខ្លួន ដើម្បីកាន់តំណែងជំនួសលោកស្រី លីស ត្រាស់ (Liz Truss) ដែលបានប្រកាសលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះក្រោយកាន់អំណាចបាន ៤៥ថ្ងៃ ដែលជារយៈពេល កាន់អំណាចខ្លីបំផុតរបស់នាយករដ្ឋមន្ត្រីម្នាក់នៅក្នុងប្រវត្តិសាស្ត្រចក្រភពអង់គ្លេស។
ដោយសារតែការខ្វែងគំនិតគ្នាខ្លាំងនៅក្នុងបក្សនាពេលបច្ចុប្បន្ន ដូច្នេះគេពិបាកក្នុងការសន្និដ្ឋានពីបេក្ខជនមានសក្ដានុពលជាងគេបំផុត ដែលនឹងត្រូវដឹកនាំអង់គ្លេស ហែលឆ្លងវិបត្តិសេដ្ឋកិច្ច។ ខាងក្រោមនេះគឺជាបេក្ខជនដែលមើលទៅមានភាពលេចធ្លោរ៖
*លោក រីស៊ី ស៊ូណាក់ (RISHI SUNAK)
លោក រីស៊ី ស៊ូណាក់ គឺជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស ហើយលោកក៏ធ្លាប់បរាជ័យក្រោមថ្វីដៃរបស់លោកស្រី លីស ត្រាស់ផងដែរ។ លោក ស៊ូណាក់ មានអាយុ ៤២ឆ្នាំ ធ្លាប់បានព្រមានថាផែនការកាត់បន្ថយពន្ធរបស់លោកស្រី ត្រាស់ អាចនឹងបង្កឱ្យមានអតិផរណា និងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគលើទីផ្សារ នៅក្នុងចក្រភពអង់គ្លេស។
ការព្រមាននេះរបស់លោក ស៊ូណាក់ បានក្លាយជាការពិត ហើយលោកក៏កំពុងទទួលបានការគាំទ្រពីសមាជិកសភាច្រើនគួរសមដែរនៅក្នុងបក្សអភិរក្សនិយម។ បើតាម ការស្ទង់មតិ ចេញផ្សាយដោយស្ថាប័ន YouGov កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក ស៊ូណាក់ ស្ថិតនៅក្នុងចំណាត់ថ្នាក់ល្អប្រសើរមួយដែលត្រូវបានគេពឹងថាអាចនឹងជំនួស តំណែងលោកស្រី ត្រាស់។ ប៉ុន្តែ សមាជិកបក្សអភិរក្សនិយមមួយចំនួន ក៏មានការខឹងសម្បារចំពោះលោក ស៊ូណាក់ដែរ បន្ទាប់ពីលោកបានលាលែងចេញពីតំណែងជា រដ្ឋមន្ត្រីហិរញ្ញវត្ថុកាលពីខែកក្កដាកន្លងទៅ ជាហេតុជំរុញឱ្យរដ្ឋមន្ត្រីដទៃទៀតលាលែងពីតំណែងជាបន្តបន្ទាប់ រហូតដល់បង្ខំឱ្យលោក បូរីស ចនសុន ចុះចេញពីតំណែង។
*លោក បូរីស ចនសុន
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានលាលែងពីតំណែងកាលពីដើមខែកញ្ញាកន្លងទៅ ក្រោយរដ្ឋមន្ត្រីរបស់លោក ក្នុងនោះរួមមានទាំងលោក ស៊ូណាក់ លាលែងចេញពីតំណែងម្ដងម្នាក់ៗ ដើម្បីបង្ហាញការមិនពេញចិត្តចំពោះការដឹកនាំរបស់លោកដែលពោរពេញដោយរឿងអាស្រូវ។ នៅក្រោយការប្រកាសលាលែងរបស់ លោកស្រី ត្រាស់ សារព័ត៌មានអង់គ្លេស The Times បានរាយការណ៍ថាលោក ចនសុន មានបំណងចូលរួមប្រជែងយកតំណែងជានាយករដ្ឋមន្ត្រីមកវិញ ខណៈ ក្រុមអ្នកគាំទ្ររូបលោកក៏កំពុងជំរុញឱ្យរូបលោកផងដែរ។
បើតាម YouGov អតីតនាយករដ្ឋមន្ត្រីអង់គ្លេសវ័យ ៥៨ឆ្នាំរូបនេះ នៅតែមានប្រជាប្រិយភាពខ្លាំងជាងលោកស្រី ត្រាស់។ ចាប់តាំងពីលោកស្រី ត្រាស់ ឡើងកាន់តំណែងមក លោក ចនសុន បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនបានធ្វើអត្ថាធិប្បាយ ឬបញ្ចេញទស្សនៈរបស់ពាក់ព័ន្ធនឹងវិបត្តិដែលអង់គ្លេសកំពុងប្រឈមនោះទេ។ លោក ចនសុន ត្រូវបានក្រុមអ្នកតាមដានស្ថានការណ៍នយោបាយអង់គ្លេស មើលឃើញថាហាក់ដូចជាមានចេតនាចង់ឱ្យលោកស្រី ត្រាស់ ទទួលបានជ័យជម្នះកាលពីរដូវក្ដៅកន្លងទៅ ដ្បិត លោករំពឹងទុកជាមុនថាលោកស្រី ត្រាស់ នឹងមិនអាចកាន់តំណែងបានយូរទេ ហើយវាក៏នឹងក្លាយជាការត្រួសត្រាយផ្លូវឱ្យលោកត្រឡប់មកវិញដែរ។
*លោក បែន វ៉លឡេស (BEN WALLACE)
លោក បែន វ៉លឡេស សព្វថ្ងៃកំពុងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ ខណៈចក្រភពអង់គ្លេសបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយអ៊ុយក្រែន ប្រយុទ្ធតតំាង ជាមួយការឈ្លានពានរបស់រុស្ស៉ី។ លោក វ៉លឡេស ធ្លាប់បានសម្រេចចិត្តមិនចូលរួមប្រជែងយកតំណែងជានាយករដ្ឋមន្ត្រីជំនួស លោក ចនសុន ឡើយទេ។ ប៉ុន្តែ នៅពេល ត្រូវបានសាកសួរនៅឯសន្និសីទនៃបក្សអភិរក្សនិយមកាលពីពេលថ្មីៗថាតើលោកអាចនឹងពិចារណាឡើងវិញដែរឬទេ បុរសវ័យ ៥២ឆ្នាំ រូបនេះបានឆ្លើយថា «ខ្ញុំមិនបានបដិសេធនោះទេ»។
ការស្ទង់មតិចុងក្រោយមួយធ្វើឡើងដោយគេហទំព័រ ConservativeHome បានបង្ហាញថាលោក វ៉លឡេស ទទួលបានអត្រាគាំទ្រសរុប ៨៥.៨ពិន្ទុ ដែលខ្ពស់ជាងបេក្ខជន ដទៃក្នុងពេលបច្ចុប្បន្ន។
*លោកស្រី ផែននី ម័រដូន (PENNY MORDAUNT)
មានអាយុ ៤៩ឆ្នាំ លោកស្រី ផែននី ម័រដូន ជាអតីតរដ្ឋមន្ត្រីការពារជាតិ និងជាអ្នកគាំទ្រដ៏ខ្លាំងម្នាក់ដែលចង់ឱ្យចក្រភពអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប។ ប្រជាប្រិយភាព នៅក្នុងបក្សអភិរក្សនិយម មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្រោយលោកស្រីបានជំនួសកន្លែងលោកស្រី ត្រាស់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្នុងការឆ្លើយតបទៅនឹង សំណួររបស់សមាជិកសភាអង់គ្លេសមកពីគណបក្សប្រឆាំងស្ដីពីវិបត្តិសេដ្ឋកិច្ច។
* លោកស្រី ស៊ូអេឡា ប្រាវឺមែន (Suella Braverman)
លោកស្រី Suella Braverman ជាអតីតរដ្ឋមន្ត្រីមហាផ្ទៃ ដែលបានលែងចេញពីតំណែងមួយថ្ងៃ មុននឹងលោកស្រី តា្រស់ ប្រកាសលាលែងចេញពីតំណែង។ លោកស្រី Braverman បានបង្កើនប្រជាប្រិយភាព ជាមួយការផ្ដោតយ៉ាងខ្លាំងលើគោលនយោបាយអន្តោប្រវេសន៍ ប៉ូលិស និងបទឧក្រិដ្ឋ ហើយលោកស្រីក៏ធ្លាប់បានចូលរួមក្នុងការ ប្រជែងនៅក្នុងបក្សអភិរក្សនិយមកន្លងទៅដែរ តែឡើងបានត្រឹមជុំទី២។
គួរបញ្ជាក់ថា គណបក្សអភិរក្សនិយម ដែលមានសំឡេងភាគច្រើននៅក្នុងសភា គ្រោងនឹងធ្វើការបោះឆ្នោតនៅថ្ងៃទី២៨ ខែតុលានេះ ក្នុងការជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីទី៥ នៃចក្រភពអង់គ្លេសក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ៕