(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រុស្ស៉ីកំពុងវាយប្រហាររោងចក្រថាមពលអ៊ុយក្រែន ដោយសារតែចង់បង្ខំឲ្យប្រជាជនចាកចេញ ពីផ្ទះសម្បែងរបស់ពួកគេហើយផ្លាស់ទីទៅកាន់ភាគខាងលិចសហភាពអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។
កាលពីដើមសប្តាហ៍នេះ លោក ហ្សេលេនស្គី បានអះអាងថា រុស្ស៉ីបានបំផ្លិចបំផ្លាញប្រហែលមួយភាគបី លើរោងចក្រថាមពលនៃប្រទេសរបស់លោក ដែលបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនី និងទឹក ចំពេលរដូវរងារចូលមកដល់។
ថ្លែងតាមរយៈវីដេអូទៅកាន់កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «រុស្ស៉ីកំពុងបង្កឲ្យមានរលកថ្មីនៃការធ្វើចំណាកស្រុករបស់ប្រជាជនអ៊ុយក្រែន ទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុប។ ភេវកម្មរបស់រុស្ស៉ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់យើង គឺមានបំណងបង្កើតបញ្ហាជាច្រើនទាក់ទងនឹងការប្រើប្រាស់អគ្គិសនី ឬកំដៅ តាមដែលអាចធ្វើទៅបានសម្រាប់អ៊ុយក្រែន ក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងារ ដូចនេះហើយប្រជាជនអ៊ុយក្រែនកាន់តែច្រើន នឹងចាកចេញទៅកាន់បណ្តាប្រទេសអឺរ៉ុប»។
គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ, ប្រជាជនអ៊ុយក្រែនចំនួន ៧.៧លាននាក់ ឬប្រហែល១៩ភាគរយនៃប្រជាជនរបស់ខ្លួន ឥឡូវនេះកំពុងរស់នៅទូទាំងតំបន់អឺរ៉ុប ក្រោយភៀសខ្លួនចេញពីការវាយប្រហាររបស់រុស្ស៉ី នៅថ្ងៃទី២៤ ខែកុម្ភៈមក៕