(ខាទុំ)៖ យ៉ាងហោចណាស់មនុស្សចំនួន១៥០នាក់ ត្រូវបានសម្លាប់អំឡុងពេល២ថ្ងៃនៃការប៉ះទង្គិចគ្នាក្នុងចំណោមជនជាតិភាគតិច ជុំវិញបញ្ហាជម្លោះដីធ្លីនៅរដ្ឋ ប៊្លូ នីល (Blue Nile) ភាគខាងត្បូងប្រទេសស៊ូដង់។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។
ការប៉ះទង្គិចគ្នានៅរដ្ឋ Blue Nile បានផ្ទុះឡើងកាលពីសប្តាហ៍មុន ក្រោយពីមានសេចក្តីរាយការណ៍ពីការឈ្លោះប្រកែកគ្នាលើបញ្ហាដីធ្លី រវាងសមាជិកក្រុមជនជាតិ ហ៊ូសា (Hausa) និងក្រុមជនជាតិមួយផ្សេងទៀត ដោយអ្នកស្រុករាយការណ៍ថាមនុស្សរាប់រយនាក់បាននាំគ្នារត់ភៀសខ្លួន ដើម្បីគេចចេញពីការបាញ់ប្រហារដោយកាំភ្លើងយ៉ាងខ្លាំងក្លា ខណៈផ្ទះរបស់ពួកគេរងនូវភ្លើងឆាបឆេះ។ ការប្រយុទ្ធគ្នាបានផ្តោតលើតំបន់ វ៉ាត អាល់ មាហ៉ី (Wad al-Mahi) ចម្ងាយ៥០០គីឡូម៉ែត្រ ពីភាគខាងត្បូងនៃរដ្ឋធានី ខាទុំ (Khartoum) របស់ប្រទេសស៊ូដង់។
ប្រធានមន្ទីរពេទ្យក្នុងតំបន់លោក អាប់បាស់ ម៉ូសហ្សា (Abbas Moussa) បានឲ្យដឹងថា មនុស្សសរុបចំនួន១៥០នាក់ ដែលរួមមានទាំងស្រ្តី កុមារ និងមនុស្សចាស់ ត្រូវបានសម្លាប់នៅចន្លោះថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ រីឯមនុស្សចំនួន ៨៦នាក់ ក៏បានរងរបួសដោយអំពើហិង្សានេះដែរ។
គួរបញ្ជាក់ថា អំពើហិង្សាដ៏អាក្រក់បំផុតដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បង្កឲ្យមានការតវ៉ាកាលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈក្រុមមនុស្សបានដើរជាក្បួនតាមដងផ្លូវនៃទីក្រុង ដាម៉ាហ្ស៉ី (Damazin) រដ្ឋ Blue Nile ដោយស្រែកពាក្យស្លោកថ្កោលទោសចំពោះជម្លោះ ដែលបានសម្លាប់មនុស្សរាប់រយនាក់ក្នុងឆ្នាំ២០២២នេះ៕