(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញការព្រួយបារម្ភចំពោះអនាគតនៃជំនួយរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់អ៊ុយក្រែន ប្រសិនបើ គណបក្សសាធារណរដ្ឋ អាចគ្រប់គ្រងសភាណាមួយ ឬក៏សភាទាំង២របស់សហរដ្ឋអាមេរិកតែម្ដង នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។
លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ កំឡុងពេលស្ថិតនៅក្នុងទីក្រុងភីតស្បឺគ (Pittsburgh) ដោយនៅពេលត្រូវបានសាកសួរពីផលប៉ះពាល់លើការផ្ដល់ជំនួយដល់អ៊ុយក្រែន ក្នុងករណីគណបក្សសាធារណរដ្ឋទទួលបានជ័យជម្នះ លោក បៃដិន បានគូសបញ្ជាក់យ៉ាងខ្លីថា «ខ្ញុំមានការបារម្ភ»។
លោក បៃដិន បានស្ថិតនៅក្នុងទីក្រុង Pittsburgh ដើម្បីជួយធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតឱ្យលោក ចន ហ្វេតធើមែន (John Fetterman) ដែលជា បេក្ខជនសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ កំពុងប្រជែងជាមួយបេក្ខជនសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក មេសម៉េត អូស (Mehmet Oz) ហើយដែលការប្រជែងរវាងបេក្ខជនទាំង២នាក់នេះ អាចនឹងកំណត់ថាតើគណបក្សប្រជាធិបតេយ្យនឹងនៅតែអាចបន្តគ្រប់គ្រងព្រឹទ្ធសភា តទៅទៀត ដែរឬក៏យ៉ាងណា?
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មកទល់នឹងបច្ចុប្បន្ន បានផ្ដល់ជំនួយយោធាច្រើនជាង ១៧.៥ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ៕