(ឡង់ដ៌)៖ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកស្រី Liz Truss នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសពីការបញ្ចប់ពេលវេលារបស់លោកស្រី នៅក្នុងតំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីធ្វើការបានត្រឹមតែជាងប្រាំមួយសប្តាហ៍ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃព្រហស្បត្តិ៍ ទី២០​ ខែតុលា ឆ្នាំ២០២២។

លោកស្រី Truss ដែលទើបតែក្លាយជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី០៦ ខែកញ្ញាកន្លងទៅ នឹងក្លាយជានាយករដ្ឋមន្ត្រីដែលកាន់តំណែងខ្លីបំផុតក្នុងប្រវត្តិសាស្ត្រនយោបាយសម័យទំនើប។

ការលាលែងពីតំណែងរបស់លោកស្រីនេះ ធ្វើឡើងបន្ទាប់ពីវិបត្តិនយោបាយ និងសេដ្ឋកិច្ចជាច្រើនសប្តាហ៍ ក្រោយពីរដ្ឋាភិបាលបានដាក់ចេញនូវផែនការកំណែទម្រង់សេដ្ឋកិច្ចថ្មីមួយដែលត្រូវបានរិះគន់យ៉ាងខ្លាំង។

មេដឹកនាំបក្សប្រឆាំង លោក Sir Keir Starmer បានអំពាវនាវឱ្យមានការបោះឆ្នោតសកលមុនអាណត្តិ។ គណបក្សអភិរក្សនិយម ដែលពេលនោះស្ថិតក្រោមការដឹកនាំរបស់លោក Boris Johnson បានឈ្នះសំឡេងភាគច្រើនលើសលប់ នៅក្នុងការបោះឆ្នោតសកលចុងក្រោយក្នុងឆ្នាំ២០១៩។

អ្នកណាក៏ដោយដែលត្រូវបានជ្រើសរើសជាអ្នកស្នងតំណែងរបស់លោកស្រី Truss ពីគណបក្សអភិរក្ស នឹងក្លាយជានាយករដ្ឋមន្ត្រីទី៥ ហើយចាប់តាំងពីចក្រភពអង់គ្លេសបានបោះឆ្នោតឱ្យចាកចេញពីសហភាពអឺរ៉ុប ក្នុងការបោះឆ្នោតប្រជាមតិ Brexit ក្នុងឆ្នាំ២០១៦ ក្នុងអំឡុងពេលនៃភាពចលាចលដែលមិនធ្លាប់មានពីមុនមក នៃប្រវត្តិសាស្ត្រនយោបាយរបស់ចក្រភពអង់គ្លេស៕