(ឡុងដ៍)៖ ឯករាជរដ្ឋទូត​អារ៉ាប៊ីសាអូឌីត​ប្រចាំ​សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃ​ពុធ​បាន​បញ្ចេញឯកសារ​ការពិត​មួយ ដើម្បី​បញ្ជាក់​ឡើងវិញ​ពី​ជំហរ​របស់​ព្រះរាជាណាចក្រ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន​ និង​ការ​ថ្កោលទោស​ចំពោះ​ការ​ប៉ុនប៉ង​របស់​រុស្ស៊ី​ក្នុង​ការ​បញ្ចូល​ទឹកដី​ដែល​កាន់កាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២។

ឯកសារបញ្ជាក់ការពិតរបស់ព្រះនាង Reema bint Bandar ត្រូវបានចេញផ្សាយ បន្ទាប់ពីការហៅទូរសព្ទរវាងព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman និងប្រធានាធិបតី Volodymyr Zelensky ដែលក្នុងនោះពួកគេបានពិភាក្សាអំពីការប្រឆាំងរបស់អារ៉ាប៊ីសាអូឌីត ចំពោះការបោះឆ្នោតប្រជាមតិនៅក្នុងតំបន់ដែលគ្រប់គ្រងដោយទីក្រុងមូស្គូ ដើម្បីក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី។

ឯកសារនោះបានលើកឡើងថា​ «នៅក្នុងការសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតី Zelensky កាលពីថ្ងៃទី១៤ ខែតុលា ព្រះអង្គម្ចាស់រាជទាយាទបានសង្កត់ធ្ងន់ថា ការបោះឆ្នោតរបស់អារ៉ាប៊ីសាអូឌីត លើដំណោះស្រាយថ្កោលទោសការដាក់បញ្ចូលទឹកដីអ៊ុយក្រែន (ពីសំណាក់រុស្ស៉ី) គឺបានកើតចេញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍ ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»

វាបានបន្ថែមទៀតថា អារ៉ាប៊ីសាអូឌីតបានប្តេជ្ញាចិត្ត «គោរពអធិបតេយ្យភាពរដ្ឋ និងគោលការណ៍នៃភាពជាអ្នកជិតខាងល្អ និងការដោះស្រាយជម្លោះដោយសន្តិវិធី»

គួរបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយដោយសំឡេងភាគច្រើនកាលពីថ្ងៃទី១២ ខែតុលា ដោយអំពាវនាវឱ្យប្រទេសនានាមិនឲ្យទទួលស្គាល់តំបន់ចំនួន០៤ របស់អ៊ុយក្រែន ដែលរុស្ស៊ីបានអះអាងបន្ទាប់ពីការបោះឆ្នោតប្រជាមតិ បានធ្វើឡើងកាលពីចុងខែមុន។ ដំណោះស្រាយ​ទាមទារ​ឱ្យ​ទីក្រុង​មូ​ស្គូ​ត្រឡប់ក្រោយវិញ​លើ​ «​ការ​ប៉ុនប៉ង​ដាក់​បញ្ចូល​ដោយ​ខុសច្បាប់​»​នេះ៕