(រ៉ូម)៖ គណៈកម្មការអឺរ៉ុប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ស្រាវ៉ូដកាចំនួន២០ដប ដែលបានផ្ញើទៅលោក ស៉ីវីយ៉ូ ប៊ឺលូសខូនី (Silvio Berlusconi) អតីតនាយករដ្ឋមន្រ្តីអ៉ីតាលី ដែលជាអំណោយថ្ងៃកំណើត ពីសំណាក់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន គឺបានរំលោភលើទណ្ឌកម្មអឺរ៉ុបដែលត្រូវបានដាក់ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២។

លោក ប៊ឺលូសខូនី ដែល​មាន​អាយុ៨៦ឆ្នាំ​កាលពី​ខែ​មុន​ បាន​ប្រាប់​ក្រុមសមាជិក​សភា​ជាន់​ទាប​យ៉ាងដូច្នេះ​ថា «សម្រាប់​ថ្ងៃ​ខួប​កំណើត​របស់​ខ្ញុំ លោកពូទីន បាន​ផ្ញើស្រាវ៉ូដកា ចំនួន២០ដប​មក​ឲ្យខ្ញុំ»

អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កញ្ចប់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលបានព្រមព្រៀងគ្នាកាលពីខែមេសា បានពង្រីកការហាមឃាត់ការនាំចូលទំនិញរបស់រុស្ស៊ី ដែលរួមបញ្ចូលនូវប្រភេទស្រា រួមទាំងស្រាវ៉ូដកា ជាដើម ហើយថាមិនមានការលើកលែងចំពោះការផ្តល់ជាអំណោយនោះទេ។ យ៉ាងណាក៏ដោយ វាអាស្រ័យលើរដ្ឋសមាជិក EU នីមួយៗ ក្នុងការអនុវត្តការដាក់ទណ្ឌកម្ម ហើយយើងនៅច្បាស់ទេថាតើ អាជ្ញាធរអ៉ីតាលីនឹងមានវិធានការណ៍បែបណាចំពោះករណីនេះ។

គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីអ៉ីតាលី ដែលមកពីគណបក្ស Forza Italia រូបនេះ ក៏បានបង្កឲ្យមានភាពចម្រូងចម្រាសផងដែរ ក្នុងសប្តាហ៍នេះ ក្រោយពេលដែលលោកបានលើកឡើងពី ទំនាក់ទំនងជាមួយលោក ពូទីន ហើយថ្មីៗនេះបានផ្លាស់ប្តូរ «សំបុត្រផ្អែមល្ហែម» ជាមួយគ្នាថែមទៀតផង៕