(ម៉ានីល)៖ ទីក្រុងមូស្គូបានប្រាប់រដ្ឋាភិបាលហ្វីលីពីនថា ទីក្រុងម៉ានីលគួរតែគោរពកិច្ចព្រមព្រៀងតម្លៃ២១៥លានដុល្លារ ស្តីពីការទិញឧទ្ធម្ភាគចក្រយោធារបស់រុស្ស៉ី ចំនួន១៦គ្រឿង ដែលអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានលុបចោលដោយសារក្តីបារម្ភអំពីទណ្ឌកម្មរបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២។
ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងម៉ានីល លោក ម៉ារ៉ាត ផាវឡូវ (Marat Pavlov) បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីយប់ថ្ងៃពុធសប្តាហ៍នេះថា មកទល់ពេលនេះ រដ្ឋាភិបាលហ្វីលីពីន មិនទាន់ផ្តល់ដំណឹងជាផ្លូវការដល់ទីក្រុងមូស្គូនៅឡើយទេ អំពីការសម្រេចចិត្តលុបចោល កិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រយោធា ហើយក្រុមហ៊ុនរុស្ស៉ីនឹងនៅបន្តផលិតឧទ្ធម្ភាគចក្រ Mi-17 ដែលត្រូវបានបញ្ជាទិញទាំងនោះ។
បើតាមលោក ផាវឡូវ រដ្ឋាភិបាលហ្វីលីពីន បានបង់ថវិកាមួយចំនួនជាមុនរួចស្រេច ហើយក្រុមពីឡុតឧទ្ធម្ភាគចក្រហ្វីលីពីន ក៏បានឆ្លងកាត់ការហ្វឹកហាត់របស់រុស្ស៉ីផងដែរ។ លោកឯកអគ្គរដ្ឋទូតរុស្ស៉ី បានបន្តថា មិនតែប៉ុណ្ណោះ ភាគីរុស្ស៉ីបានត្រៀមខ្លួន តាំងពីខែមិថុនាមក ដើម្បីប្រគល់ឧទ្ធម្ភាគចក្រ Mi-17 ១គ្រឿងដំបូង ដែលត្រូវបានផលិតរួចរាល់ ឱ្យទៅទីក្រុងម៉ានីល ប៉ុន្តែរដ្ឋាភិបាលហ្វីលីពីនមិនទទួលយក។
លោក ផាវឡូវ បានលើកឡើងដូច្នេះថា «យើងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបំពេញកាតព្វកិច្ចនានារបស់យើង ក្នុងនាមជាដៃគូគួរឱ្យទុកចិត្តរបស់ភាគីហ្វីលីពីន នៅក្នុងផ្នែកកិច្ចសហប្រតិបត្តិការយោធា ហើយយើងក៏សង្ឃឹមថា ទីក្រុងម៉ានីលនឹងងាកមកបំពេញកាតព្វកិច្ចរបស់ខ្លួនវិញ តាមកិច្ចសន្យាផងដែរ»។
គួរបញ្ជាក់ថា សព្វថ្ងៃរដ្ឋាភិបាលហ្វីលីពីន ស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr.) ដែលបានឡើងកាន់អំណាចកាលពីចុងខែមិថុនា ឆ្នាំ២០២២នេះ៕