(ឡុងដ៍)៖ សមាជិកសភាគណបក្សអភិរក្សនិយម ដែលជាបក្សកាន់អំណាចនៅចក្រភពអង់គ្លេស បាននិយាយថា នាយករដ្ឋមន្រ្តី លោកស្រី លីស ត្រាស់ (Liz Truss) នៅសល់ពេលវេលាប្រហែល១២ម៉ោងប៉ុណ្ណោះ ដើម្បីសង្រ្គោះតំណែងរបស់លោកស្រី បន្ទាប់ពីសមាជិកសភាកាន់តែច្រើនឡើងៗ នៅក្នុងបក្សអភិរក្សនិយមបាននាំគ្នា ទទូចឱ្យលោកស្រីចុះចេញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២។

លោក សាយម៉ុន ហ័រ (Simon Hoare) ដែលជាសមាជិកសភា១រូប នៃគណបក្សអភិរក្សនិយម បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើលោកស្រីនាយករដ្ឋមន្រ្តី ត្រូវគេធ្វើការវាយតម្លៃលើការដឹកនាំនោះ ខ្ញុំយល់ថាក្រដាសផ្តល់ពិន្ទុប្រហែលជា មិនបង្ហាញលទ្ធផលល្អនោះឡើយ ហើយលោកស្រីមិនមានពេលវេលាយូរនោះទេ ដើម្បីកែប្រែស្ថានការណ៍ឡើងវិញ ពោលគឺលោកស្រី នៅសល់ពេលប្រហែល១២ម៉ោងប៉ុណ្ណោះ»

គួរបញ្ជាក់ថា ការយល់ឃើញដូចខាងលើរបស់លោក ហ័រ កើតឡើង ស្របពេលដែលសម្ពាធលើលោកស្រី ត្រាស់ ជុំវិញផែនការកំណែទម្រង់សេដ្ឋកិច្ច ដែលបានទទួលរងការរិះគន់យ៉ាងចាស់ដៃនោះ កំពុងបន្តរីកធំទៅៗ ដោយអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុលោក ក្វាស៉ី ក្វាតេង (Kwasi Kwarteng) និងអតីតរដ្ឋមន្រ្តីមហាផ្ទៃលោកស្រី ស៊ូអេលឡា ប្រេវើមែន (Suella Braverman) បានដើរចាកចេញរួចទៅហើយពីរដ្ឋាភិបាល ដែលមានអាយុត្រឹម៦សប្តាហ៍ប៉ុណ្ណោះ៕