(ស៉ីដនី)៖ ប្រទេសអូស្ត្រាលី និងប្រទេសដែនកោះហ្វីជីនៃតំបន់ប៉ាស៉ីហ្វិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឲ្យមានប្រតិបត្តិការយោធារួមគ្នារវាងប្រទេសទាំងពីរ ដោយរដ្ឋមន្ត្រីការពារជាតិទាំងសងខាង បានពណ៌នាថា វាជាជំហានដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២។

ក្រុមរដ្ឋមន្ត្រីការពារជាតិនៃតំបន់ប៉ាស៊ីហ្វិកខាងត្បូង បានជួបប្រជុំគ្នានៅប្រទេសតុងហ្កាកាលពីដើមសប្តាហ៍នេះ ដោយអូស្ត្រាលីកំពុងស្វែងរកទំនាក់ទំនងយោធា កាន់តែជិតស្និទ្ធជាមួយប្រទេសដីកោះចំនួនបី ដែលមានកងកម្លាំងការពារជាតោគឺ ហ្វីជី ប៉ាពួញូអាស៉ីនូវែលហ្គីណេ និងតុងហ្កា ដើម្បីទប់ទល់ការពង្រីកឥទ្ធិពលផ្នែកសន្តិសុខរបស់ចិននៅក្នុងតំបន់។

ដោយសំដៅទៅលើស្ថានភាពយុទ្ធសាស្ត្រសកល «មិនច្បាស់លាស់» និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក រីឆាដ ម៉ាល (Richard Marles) បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងប្រទេសហ្វីជី នៅថ្ងៃព្រហស្បតិ៍នេះថា «ឥឡូវនេះគឺជាពេលវេលាបង្កើនភាពស្និទ្ធស្នាលជាមួយប្រទេសជាមិត្តរបស់យើង។ កិច្ចព្រមព្រៀងយោធាដែលបានចុះហត្ថលេខាជាមួយហ្វីជី នាពេលនេះ នឹងផ្តល់ក្របខណ្ឌច្បាប់ សម្រាប់វត្តមានកងកម្លាំងរបស់ប្រទេសជាភាគីម្ខាង នៅក្នុងប្រទេសជាភាគីម្ខាងទៀត ដែលកម្រមានសម្រាប់អូស្ត្រាលី ហើយនឹងអនុញ្ញាតឱ្យមានទំនាក់ទំនងការងារ កាន់តែជិតស្និទ្ធរវាងកងកម្លាំងការពារជាតិ»

រដ្ឋមន្ត្រីការពារជាតិហ្វីជី លោក អ៉ីននៀ សឺរូរ៉ាទូ (Inia Seruiratu) បាននិយាយថា កងកម្លាំងការពារជាតិបានធ្វើការបណ្តុះបណ្តាល និងដាក់ពង្រាយរួមគ្នាពាសពេញតំបន់ ហើយកិច្ចព្រមព្រៀងនេះបាននាំមកនូវ «ការលើកកម្ពស់ថ្មី នៃកិច្ចសហប្រតិបត្តិការសន្តិសុខ»។ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងដឹងនិងយល់អំពីភូមិសាស្ត្រនយោបាយ នៃតំបន់ និងតួនាទីដែលយើងត្រូវដើរ, អូស្ត្រាលី និងនូវែលសេឡង់ ព្រមទាំងតម្រូវការសម្រាប់ពួកយើងក្នុងការរួបរួម និងសហប្រតិបត្តិការ»

ក្រុមប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក បានលើកឡើងថា ការប្រែប្រួលអាកាសធាតុគឺជា ការគំរាមកំហែងសន្តិសុខដ៏ធំបំផុតសម្រាប់តំបន់ ប៉ុន្តែភាពតានតឹងរវាងប្រទេសមហាអំណាចចិន និងសហរដ្ឋអាមេរិក ក៏ជាចំណុចសំខាន់ផងដែរ បន្ទាប់ពីប្រទេសដីកោះសូឡូម៉ុន បានចុះកិច្ចព្រមព្រៀងសន្តិសុខ ជាមួយទីក្រុងប៉េកាំង៕