(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃពុធនេះ បានប្រកាសថា ជំងឺរាតត្បាតកូវីដ១៩ នៅតែជាភាពអាសន្នសុខភាពសកល ដដែលនៅឡើយទេ គឺរយៈពេលជិត៣ឆ្នាំមកហើយ បន្ទាប់ពីវាត្រូវបាន WHO ប្រកាសចាត់ថ្នាក់យ៉ាងដូច្នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២។
គណៈកម្មាធិការប្រកាសអាសន្នរបស់ WHO បានប្រកាសចាត់ថ្នាក់កូវីដ១៩ ជាជំងឺអាសន្នសម្រាប់សុខភាពពិភពលោក កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ពោលគឺមិនយូរប៉ុន្មាននោះឡើយ បន្ទាប់ពីវាត្រូវបានរកឃើញជាលើកដំបូង។ ការប្រកាសយ៉ាងដូច្នោះ អាចជួយពន្លឿនកិច្ចប្រឹងប្រែងស្រាវជ្រាវ និងការផ្តល់មូលនិធិ ព្រមទាំងពង្រឹងវិធានការសុខភាពសាធារណៈជាលក្ខណៈអន្តរជាតិ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតណាមួយ។
ប៉ុន្មានខែចុងក្រោយនេះ អង្គការ WHO ធ្លាប់បាននិយាយថា ស្របពេលដែលករណីឆ្លងមានការថយចុះ នៅតាមតំបន់ជាច្រើនជុំវិញពិភពលោក ប្រទេសនានាចាំបាច់នៅតែត្រូវបន្ត រក្សាការប្រុងប្រយ័ត្នជាប់ ហើយបន្តជំរុញការចាក់វ៉ាក់សាំង សម្រាប់ប្រជាជនពួកគេ ដែលងាយរងគ្រោះបំផុត។
កាលពីថ្ងៃពុធសប្តាហ៍នេះ គណៈកម្មាធិការប្រកាសអាសន្នរបស់ WHO បានលើកឡើងដូច្នេះថា៖ «ទោះបីជាសាធារណជនយល់ថា ជំងឺរាតត្បាតសកលនេះ ហាក់បានបិទបញ្ចប់ទៅនៅតាមផ្នែកខ្លះ នៃពិភពលោកក៏ដោយ វានៅតែជាភាពអាសន្នផ្នែកសុខភាពមួយ ដែលអាចបន្តជះផលប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាពប្រជាជននៅទូទាំងពិភពលោក»។ គណៈកម្មាធិការបានបន្តថា តួលេខអ្នកស្លាប់ប្រចាំសប្តាហ៍ គឺស្ថិតក្នុងកម្រិតទាបបំផុត ចាប់តាំងពីកូវីដ១៩បានផ្ទុះឡើងក៏ពិតមែន ប៉ុន្តែវានៅខ្ពស់ខ្លាំងនៅឡើយ បើធៀបជាមួយវីរុសឬជំងឺដទៃទៀត។
អគ្គនាយកអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណូម ហ្កេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ជំងឺរាតត្បាតសកលនេះ ធ្លាប់បានបង្កភាពភ្ញាក់ផ្អើលនឹកស្មានមិនដល់ ចំពោះពួកយើងនាពេលកន្លងមក ហើយវាក៏ប្រហែលអាចធ្វើយ៉ាងដូច្នោះទៀត នាពេលក្រោយក៏ថាបានដែរ»៕