(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងប្រើប្រាស់ថាមពល និងភាពអត់ឃ្លានជាអាវុធ ប៉ុន្តែលោកកំពុងបរាជ័យក្នុងការបំបែកបំបាក់ ការរួបរួមរបស់បស្ចិមប្រទេស ហើយនឹងមិនអាចសម្រេចបាននូវគោលបំណងសង្រ្គាមរបស់ខ្លួន តាមរយៈយុទ្ធសាស្ត្រផែនដីឆេះនោះទេ។ នេះបើយោងតាមការចុះផ្សាតដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២។

ថ្លែងទៅកាន់សភាអាល្លឺម៉ង់ លោក សូលស៍ ក៏បានលើកឡើងផងដែរថា អាល្លឺម៉ង់បានរំដោះខ្លួនពីការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី ប៉ុន្តែកំពុងធ្វើការដើម្បីធ្វើឲ្យតម្លៃថាមពលធ្លាក់ចុះ រួមទាំងការធានាកិច្ចសន្យាចែកចាយឧស្ម័នថ្មីពីប្រទេសផ្សេងទៀត។

គួរបញ្ជាក់ថា លោក ពូទីន ទើបនឹងបានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ទាំងបួនរបស់អ៊ុយក្រែន ដែលទីក្រុងមូស្គូបានបញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន និងផ្តល់អំណាចបន្ទាន់បន្ថែមដល់ប្រមុខនៃតំបន់ទាំងអស់ដែលរុស្ស៉ីលើកបន្តុប។ ច្បាប់អាជ្ញាសឹកនេះ វាអាចពាក់ព័ន្ធនឹងការរឹតបន្តឹងលើការធ្វើដំណើរ និងការជួបជុំជាសាធារណៈ ការត្រួតពិនិត្យកាន់តែតឹងរ៉ឹង ក៏ដូចជាការផ្តល់អំណាចកាន់តែទូលំទូលាយសម្រាប់ភ្នាក់ងារអនុវត្តច្បាប់៕