(គូឡាឡាំពួ)៖ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសម៉ាឡេស៉ី នាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា ម៉ាឡេស៉ីនឹងរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២។

លោក អាប់ឌុល ហ្កានី សាល់ឡេះ (Abdul Ghani Salleh) បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា បេក្ខជនសមាជិកសភានានា នឹងត្រូវដាក់ពាក្យឈរឈ្មោះរបស់ពួកគេ នៅថ្ងៃទី៥ ខែវិច្ឆិកា ខណៈយុទ្ធនាការឃោសនា នឹងប្រព្រឹត្តទៅសម្រាប់រយៈពេល ២សប្តាហ៍។ ប្រជាជនម៉ាឡេស៉ីប្រមាណ ២១លាននាក់ មានសិទ្ធិបោះឆ្នោតសកលឆ្នាំនេះ ដើម្បីជ្រើសរើសសមាជិក សម្រាប់សភាជាន់ទាប ដែលមានអាសនៈសរុបចំនួន ២២២អាសនៈ។ គណៈបក្សឬសម្ព័ន្ធគណបក្សណា ដែលឈ្នះបានសំឡេងភាគច្រើន ចាប់ពី១១២អាសនៈឡើងទៅ នឹងអាចបង្កើតរដ្ឋាភិបាលបាន។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អ៉ីស្មែល សាប៊្រី យ៉ាកូប (Ismail Sabri Yaakob) ដែលត្រូវបានជ្រើសតាំងម្តងទៀតជា បេក្ខជននាយករដ្ឋមន្រ្តីសម្រាប់គណបក្ស UMNO បានប្រកាសរំលាយសភាកាលពីថ្ងៃទី១០ ខែកក្កដា ហើយស្នើឱ្យមានការបោះឆ្នោតសកលមុនអាណត្តិ ដើម្បីព្យាយាមបញ្ចប់បញ្ហាអស្ថិរភាពនយោបាយជាច្រើនឆ្នាំមកនេះ។

ក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ ក្រុមគណបក្សប្រឆាំងបានទទួលជ័យជម្នះជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តនៃប្រទេសម៉ាឡេស៉ី ដោយសារតែរឿងអាស្រូវពុករលួយពាក់ព័ន្ធគណបក្ស UMNO ដែលបានដឹកនាំប្រជាជាតិអាស៊ានមួយនេះ អស់រយៈពេលច្រើនជាង ៦០ឆ្នាំ ចាប់តាំងពីពេលទទួលបានឯករាជ្យមក។

យ៉ាងណាមិញ សម្ព័ន្ធគណបក្សប្រឆាំងបានដួលរលំ ក្នុងរយៈពេលត្រឹម២២ខែ ដោយសារតែការបែកបាក់ផ្ទៃក្នុង ហើយផ្តល់ឱកាសឱ្យបក្ស UMNO ត្រឡប់មកកាន់អំណាចវិញ តាមរយៈជាផ្នែកសម្ព័ន្ធភាពនយោបាយមួយផ្សេងទៀត។ ចាប់តាំងពីឆ្នាំ២០១៨ ដែលជាពេលការបោះឆ្នោតសកលលើកចុងក្រោយបង្អស់ ត្រូវបានធ្វើឡើង ម៉ាឡេស៉ីបានផ្លាស់ប្តូរនាយករដ្ឋមន្រ្តីដល់ទៅ៣នាក់៕