(ឡុងដ៍)៖ រដ្ឋមន្រ្តីមហាផ្ទៃរបស់ចក្រភពអង់គ្លេសគឺ លោកស្រី ស៊ូអេលឡា ប្រេវើមែន (Suella Braverman) បានលាលែងមុខតំណែង កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលវាកាន់តែរំលេចចេញ នូវការបាត់បង់ការគាំទ្រចំពោះ លោកស្រី លីស ត្រាស់ (Liz Truss) ដែលជានាយករដ្ឋមន្រ្តី បន្ទាប់ពីលោកស្រី ឡើងកាន់អំណាចបានត្រឹមជាង ១ខែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២។

លោកស្រី ប្រេវើមែន បាននិយាយថា លោកស្រីបានសម្រេចចាកចេញពីតំណែងបែបនេះ ដោយសារលោកស្រីបានប្រព្រឹត្តកំហុសឆ្គងបច្ចេកទេសមួយ ពាក់ព័ន្ធគោលការណ៍ផ្នែកសន្តិសុខរបស់រដ្ឋាភិបាល តាមរយៈការផ្ញើឯកសារផ្លូវការទៅកាន់មន្រ្តីនៅស្ថាប័នសភា ដោយប្រើសារអ៉ីម៉ែល​ផ្ទាល់ខ្លួនរបស់លោកស្រី។ ទោះជាបែបនេះក្តី លោកស្រី ប្រេវើមែន ក៏បានបន្ថែមដែរថា លោកស្រីមានក្តីបារម្ភខ្លាំងអំពីស្ថានភាពបច្ចុប្បន្នរបស់រដ្ឋាភិបាល និងថាការអង្គុយរង់ចាំរំពឹងឱ្យ បញ្ហារលាយទៅបាត់ដោយខ្លួនវានោះ គឺមិនមែនជាមធ្យោបាយល្អនោះទេ។ លោកស្រី បានសង្កត់ធ្ងន់ដូច្នេះថា «ខ្ញុំបានប្រព្រឹត្តកំហុស ដូច្នេះខ្ញុំសុខចិត្តទទួលខុសត្រូវ គឺខ្ញុំលាលែងពីតួនាទី»

គួរបញ្ជាក់ថា ដោយកាន់អំណាចបានត្រឹមជាង៦សប្តាហ៍ប៉ុណ្ណោះនោះ លោកស្រី លីស ត្រាស់ បាននិងកំពុងបន្តតស៊ូការពារការដឹកនាំ​របស់លោកស្រី ចាប់តាំងតែពីថ្ងៃទី២៣ ខែកញ្ញាមក នៅពេលដែលលោកស្រី និងអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ គឺលោក ក្វាស៉ី ក្វាតេង (Kwasi Kwarteng) បានដាក់ចេញផែនការសេដ្ឋកិច្ចមួយ ស្តីពីការកាត់បន្ថយពន្ធ ដែលបានបង្កភាពរង្គោះរង្គើជាខ្លាំង ចំពោះទីផ្សារហិរញ្ញវត្ថុ និងចំពោះរូបិយបណ្ណជាតិរបស់ចក្រភពអង់គ្លេស។

លោក ក្វាតេង ត្រូវបានបង្ខំឱ្យដាក់ពាក្យលាលែងពីតំណេងកាលពីសប្តាហ៍មុន និងជំនួសដោយលោក ចេរេមី ហាន់ (Jeremy Hunt) ខណៈលោកស្រី ប្រេវើមែន ត្រូវជំនួសដោយលោក ហ្គ្រែន ស្សាប (Grant Shapps)។ ចំពោះមុខការធ្លាក់ចុះប្រជាប្រិយភាពនេះ លោកស្រី ត្រាស់ បានចេញមុខសុំទោសចំពោះកំហុសឆ្គងនានា ដែលលោកស្រីបានប្រព្រឹត្ត ប៉ុន្តែលោកស្រីបានអះអាងថា មិនមានបំណង​ចុះចេញពីតំណែងឡើយ៕