(ប៉េកាំង)៖ «ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនៃបក្សកុម្មុយនីស្តចិន ប្រទេសចិននឹងបន្តដើរតួនាទីរបស់ខ្លួន ក្នុងកិច្ចការនយោបាយអន្តរជាតិ និងសន្តិភាពពិភពលោក»។ ក្នុងឱកាសសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានបើកធ្វើ លោក Bilawal Bhutto Zardari រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បានសម្តែងការជូនពរដ៏ល្អប្រសើរចំពោះអង្គសមាជ។

ក្នុងបរិបទដែលការអភិវឌ្ឍសន្តិភាពសកល ប្រឈមមុខនឹងការសាកល្បងដ៏តឹងរ៉ឹង សហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ដល់ សមិទ្ធផលដ៏មហិមាដែលចិនទទួលបានដោយចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លា ហើយរំពឹងថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ អាចបន្តបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងចលករ ក្នុងការអភិវឌ្ឍដោយសនិ្តភាពជាសកល និងកិច្ចការសហប្រតិបត្តិការឈ្នះ-ឈ្នះ។

លោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីនបានថ្លែងថា គន្លឹះនៃការដែលប្រទេសចិន ទទួលបានសមិទ្ធផលដ៏លេចធ្លោ ក្នុងវិស័យនានា ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាដើម គឺដោយមកពីមានការដឹកនាំយ៉ាងមុតមាំ របស់បក្សកុម្មុយនីស្តចិន។
លោក Mahmoud Abbas ប្រធានអង្គការ Fatah និងជាប្រធានាធិបតីប៉ាឡេស្ទីនបានថ្លែងថា ចិនស្ថិតនៅចំណាត់ថ្នាក់ឈានមុខលើ ពិភពលោកក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សេដ្ឋកិច្ចនិងអប់រំជាដើម។

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបាបានថ្លែងថា ចិនអនុវត្តគោលនយោបាយការទូតយ៉ាងសកម្ម និងលើកឡើងគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់និងផ្លូវ» គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលគួរឱ្យកោតសរសើរ។

លោក Medvedev ប្រធានគណបក្សរួបរួមរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីបានថ្លែងថា ក្រោមការដឹកនាំរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រោមកិច្ចខិតខំប្រឹងប្រែងនិងរួមសាមគ្គីគ្នា របស់សមាជិកបក្សកុម្មុយនីស្តចិនទាំងអស់ ចិនទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងវិស័យនានាលើពិភពលោក ហើយកំពុងបោះជំហានទៅកាន់ការកសាង ប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ។ ហេតុអ្វីបានជាសហគមន៍អន្តរជាតិ យកចិត្តទុកដាក់ខ្ពស់ ចំពោះសមាជបក្សកុម្មុយនីស្តចិនលើកទី២០ គឺដោយមកពីការរីកចម្រើនទៅមុខ ប្រកបដោយភាពនឹងនរនៃប្រទេសចិន នឹងបន្តផ្តល់ឱកាសអភិវឌ្ឍន៍ដ៏ធំធេង ដល់ប្រទេសនានាលើពិភពលោក។

ក្នុងបរិបទបច្ចុប្បន្នដែលពិភពលោក បាននិងកំពុងស្ថិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំង និងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងទៅ ការអភិវឌ្ឍសកលជួបប្រទះនឹងឧបសគ្គដ៏ធ្ងន់ធ្ងរ ដូច្នេះ ពិភពលោកបានរំពឹងជាទូទៅថា សេដ្ឋកិច្ចរបស់ចិនដែលមានភាពធន់ និងសក្តានុពលយ៉ាងខ្លាំងក្លាអាចបន្តផ្តល់ កម្លាំងចលករដល់សេដ្ឋកិច្ចពិភពលោក។ ទន្ទឹមនឹងការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ត្រូវបានជំរុញយ៉ាងប្រាកដប្រជា ការបើកទូលាយចំពោះអន្តរជាតិរបស់ចិន មានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ចិននឹងផ្តល់ឱកាសដែលមិនធ្លាប់មានកាលពីមុន ដល់ការអភិវឌ្ឍរបស់ប្រទេសនានាលើពិភពលោក។

ក្រៅពីគណបក្ស អ្នកនយោបាយសំខាន់ៗនិងឥស្សរជនដ៏មេត្រីភាព ពិភពលោកបាននាំគ្នាផ្ញើសារលិខិតអបអរសាទរចំពោះ ការបើកធ្វើដោយជោគជ័យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ប្រព័ន្ធសារព័ត៌មានពិភពលោកទាំងមូល ក៏បានផ្តោតសំខាន់លើសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដោយបានថ្លែងថា សមាជលើកនេះនឹងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងវែងឆ្ងាយចំពោះពិភពលោក។

កាសែត «Asahi Shinbun» របស់ជប៉ុនបានចុះផ្សាយបទអត្ថាធិប្បាយថា ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ ប្រទេសចិនបានដើរទៅរកវិបុលភាពជាសន្សឹមៗ ព្រមទាំងទទួលបានវឌ្ឍនភាពយ៉ាងខ្លាំង ដោយចាត់ទុកការកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លា ជាគោលដៅ ពិភពលោកទាំងមូលសុទ្ធតែផ្តោតការយកចិត្តទុកដាក់ថា តើបក្សកុម្មុយនីស្តចិននឹងដឹកនាំប្រជាជនចិន សម្រេចបាននូវភាពសម្បូរសប្បាយជាមួយគ្នាយ៉ាងដូចម្តេច?

ទីភ្នាក់ងារសារព័ត៌មាន Sputnik រុស្ស៊ីបានចេញផ្សាយអត្ថបទថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ទំហំសរុបនៃសេដ្ឋកិច្ចចិនបន្តកើនឡើង ព្រមទាំងបានកែលម្អសុខសុភមង្គលរបស់ប្រជាជនចិន។ សមាជបក្សកុម្មុយនីស្តចិនលើកទី២០ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងនិយាយចំពោះពិភពលោកទាំងមូល ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ដែរ។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានថ្លែងថា បច្ចុប្បន្ននេះ ការផ្លាស់ប្តូរនៃពិភពលោក ការផ្លាស់ប្តូរនៃយុគសម័យនិងការផ្លាស់ប្តូរនៃប្រវត្តិសាស្ត្រ កំពុងធ្វើឡើងតាមរបៀបដែលមិនធា្លប់មានកាលពីមុន។ ប្រទេសចិនប្រកាន់ខ្ជាប់យ៉ាងមុតមាំ នូវគោលនយោបាយការទូតសន្តិភាពដ៏ឯករាជ្យនិងម្ចាស់ការ ប្រកាន់ខ្ជាប់ការធ្វើកិច្ចសហប្រតិបត្តិការដ៏មេត្រីភាព ជាមួយបណ្តាប្រទេសនានាលើមូលដ្ឋានគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមាន និងប្រកាន់ខ្ជាប់គោលនយោបាយជាតិ ជាមូលដ្ឋានស្តីពីការបើកទូលាយចំពោះអន្តរជាតិ។