(ប៉េកាំង)៖ ប្រយោគបុរាណចិន «治国有常,利民为本» មានន័យថា ក្នុងច្បាប់កំណត់នៃអភិបាលកិច្ចជាតិ ការផ្តល់ផលប្រយោជន៍ដល់ប្រជាជនគឺជាមូលដ្ឋានគ្រឹះ។ គំនិតអភិបាលកិច្ចជាតិមួយនេះមានប្រវត្តិសាស្ត្រជាង ២១០០ ឆ្នាំ ហើយត្រូវបានបន្តអនុវត្តរហូតដល់បច្ចុប្បន្ន បានក្លាយជាការសំណូមពរជាមូលដ្ឋាន នៃបក្សកាន់អំណាចរបស់ប្រទេសចិន ដែលកាន់អំណាចដើម្បីសាធារណជន ធ្វើអភិបាលកិច្ចដើម្បីបម្រើប្រជាជន។

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ សមាជបក្សកុម្មុយនីស្តចិនលើកទី ២០បានបើកធ្វើនៅទីក្រុងប៉េកាំង។ លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី១៩ ធ្វើរបាយការណ៍ការងារជូនតំណាងជាង២២០០ រូបដោយបានលើកឡើងថា៖ «ទឹកដីគឺប្រជាជន ប្រជាជនគឺទឹកដី។ បក្សកុម្មុយនីស្តចិនដឹកនាំប្រជាជនចិនធ្វើសង្គ្រាមរំដោះប្រទេសជាតិ ការពារប្រទេសជាតិគឺដើម្បីការពារសុបិននិងក្តីប្រាថ្នារបស់ប្រជាជន»

កាលពីឆ្នាំ២០១២ នៅប្រទេសចិននៅមានជនក្រីក្រនៅជនបទប្រហែល ១០០លាននាក់។ ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិន លោក Xi Jinping បានចុះទៅត្រួតពិនិត្យការងារនៅភូមី Luotuowan ដែលស្ថិតនៅជ្រលងភ្នំឆ្ងាយដាច់ស្រយាលក្នុងរដូវរងាខ្លាំង។ ក្នុងការត្រួតពិនិត្យការងារលើកនោះ លោកបានបំផុសឱ្យបក្សនិងប្រទេសទាំងមូល ចាប់ផ្តើមពុះពារបញ្ហាលំបាកបំផុត នៃការងារលុបបំបាត់ភាពក្រីក្រ។
និយាយម៉ាត់ណា ម៉ាត់ហ្នឹង ហើយធ្វើរហូតដល់ទទួលបានផ្លែផ្កា។ ប្រទេសចិនបានបើកយុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រទ្រង់ទ្រាយធំបំផុត និងប្រើកម្លាំងច្រើនបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ បានចាត់បញ្ចូលកម្មាភិបាលសរុបជាង ៥សែននាក់ ឱ្យធ្វើជាលេខាបក្សប្រចាំភូមិក្រីក្រ និងបានបញ្ចូនកម្មាភិបាលលើសពី ៣ លាននាក់ទៅធ្វើការប្រចាំភូមិ។ ឈានដល់ឆ្នាំ២០២០ បញ្ហាក្រីក្រខ្លាំងដែលជាកង្វល់រាប់រយរាប់ពាន់ឆ្នាំកន្លងមក របស់ប្រជាជាតិចិន បានត្រូវដោះស្រាយជាប្រវត្តិសាស្ត្រ។ ប្រទេសចិនបានសម្រេចគោលដៅលុបបំបាត់ភាពក្រីក្រ នៃរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិមុនពេលកំណត់ ១០ឆ្នាំ។

ធ្វើឱ្យប្រជាជនមានជីវភាពរស់នៅល្អប្រសើរ ជាគោលដៅតស៊ូមិនងាករ៉េរបស់បក្សកុម្មុយនីស្តចិន។ ប្រទេសចិនបានកសាងបណ្តាញធានារ៉ាប់រងជីវភាពរស់នៅ របស់ប្រជាជនដែលមានទ្រង់ទ្រាយធំបំផុតលើសកល។ ប្រជាជនចិនទទួលបានការធានាខាងយន្តការ នៅពេលប្រឈមមុខនឹងហានិភ័យដូចជាវ័យចំណាស់ កើតជំងឺ បាត់បង់ការងារ រងរបួសក្នុងពេលបំពេញការងារ ពិការភាពនិងក្រីក្រ។

នៅឆ្នាំ២០២១ ប្រាក់ចំណូលអាចប្រើប្រាស់បានសម្រាប់មនុស្សម្នាក់ៗនៅចិនគឺ ៣៥១២៨ យាន់ប្រាក់ចិន រយៈពេល ១០ឆ្នាំកន្លងមកសរុបបានកើនឡើង ៧៨%។ រដ្ឋាភិបាលបានអនុវត្តនយោបាយជាច្រើន ដើម្បីឱ្យមនុស្សចាស់រីករាយនឹងជីវភាព ក្នុងវ័យចំណាស់របស់ខ្លួន អាយុកាលរំពឹងទុកជាមធ្យមក្នុងមនុស្សម្នាក់ៗ បានឡើងដល់៧៨.២ឆ្នាំ។ ទោះជាប្រឈមនឹងសភាពឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្តី ក៏នៅឆ្នាំ២០២០និងឆ្នាំ២០២១ អាយុកាលជាមធ្យមរបស់ប្រជាជនចិននៅតែកើនឡើង។

កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ លោកយាយ Hu Hanying ដែលកាលនោះមានអាយុ៩៨ឆ្នាំ បានជាសះស្បើយពីជំងឺកូវីដ១៩។ គិតត្រឹមពេលនេះ ករណីឆ្លងកូវីដ១៩ មានវ័យចាស់ជាងគេ ដែលប្រទេសចិនបានព្យាបាលឱ្យជាសះស្បើយគឺអាយុ ១០៨ ឆ្នាំ។

តម្កល់ទុកប្រជាជនជាចម្បង ផ្តល់ផលប្រយោជន៍ដល់ប្រជាជន គឺជានិមិត្តសញ្ញាដ៏ច្បាស់លាស់នៃបក្សកុម្មុយនីស្តចិន។ ប្រទេសចិនបច្ចុប្បន្ន បានកសាងរួចរាល់នូវប្រព័ន្ធអប់រំ ប្រព័ន្ធធានារ៉ាបរងសង្គម និងប្រព័ន្ធសុខាភិបាល ដែលមានទ្រង់ទ្រាយធំបំផុត លើសកលលោក ជាប្រទេសមួយលើសកលលោកដែលមានប្រជាជន មានអារម្មណ៍សុវត្ថិភាពខ្លាំងបំផុត ហើយបំណងប្រាថ្នាដ៏ល្អបវរស្តីពីវិបុលភាពរួម កំពុងក្លាយជាការពិត៕

វិទ្យុមិត្តភាពកម្ពុជាចិន