(វ៉ាស៉ីនតោន)៖ ពីឡុតម្នាក់ត្រូវបានសង្គ្រោះដោយសុវត្ថិភាព បន្ទាប់ពីយន្តហោះចម្បាំង F-35 មួយគ្រឿង បានធ្លាក់នៅឯមូលដ្ឋានទ័ពអាកាស ហ៉ីល (Hill) ភាគខាងត្បូងនៃទីក្រុងអកដិន (Ogden) រដ្ឋយូតា (Utah) សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២។
យន្តហោះ F-35A Lightning II បានធ្លាក់នៅម៉ោង ៦ ៖៣០នាទីល្ងាច (ម៉ោងក្នុងស្រុក) នៅប៉ែកខាងជើងនៃផ្លូវហោះហើរនៃមូលដ្ឋានទ័ពអាកាស ហ៉ីល (Hill) រីឯពីឡុតដែលលោតចេញដោយឆត្រយោង ត្រូវបានរកឃើញ និងបញ្ជូនទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងតំបន់ ដើម្បីធ្វើការពិនិត្យព្យាបាល។
យ៉ាងនេះក្តី មិនមានព័ត៌មានលម្អិតបន្ថែមអំពីស្ថានភាពរបស់អ្នកបើកយន្តហោះនោះទេ ហើយមូលហេតុនៃការធ្លាក់យន្តហោះនេះ ក៏នៅមិនទាន់ដឹងនៅឡើយ នោះដែរ ខណៈធ្វើការស៊ើបអង្កេតកំពុងធ្វើឡើង៕