(តៃប៉ិ)៖ មន្ត្រីសន្តិសុខកំពូលម្នាក់របស់តៃវ៉ាន់ បាននិយាយថាប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចនឹងប្រឈមមុខនឹងមហន្តរាយ ប្រសិនបើលោកហ៊ានបើក ការវាយប្រហារលើកោះតៃវ៉ាន់ ខណៈចិននឹងត្រូវរងទណ្ឌកម្មពីសំណាក់អន្តរជាតិ និងភាពឯកោផ្នែកការទូត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះ លោក ឈិន មីងតុង (Chen Ming-tong) ជានាយកការិយាល័យសន្តិសុខជាតិតៃវ៉ាន់ បានគូសបញ្ជាក់ដូច្នេះថា «លោក ស៊ី អាចនឹងប្រឈមមុខនឹងមហន្តរាយ ប្រសិនបើដើរតាមការព្រមានរបស់លោក ដោយវាយប្រហារលើតៃវ៉ាន់ តែគ្មានឡើយ លទ្ធភាពឈ្នះ នៅក្នុងការប្រើកម្លាំងបាយវាយប្រហារលើតៃវ៉ាន់ ហើយចិននឹងប្រឈមមុខនឹងទណ្ឌកម្មពីអន្តរជាតិ និងការភាពឯកោខាងការទូត បើគាត់ពិតជាធ្វើ បែបនេះមែននោះ»

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ឈិន មីងតុង ធ្វើឡើងបន្ទាប់ពីប្រធានាធិបតី លោក ស៊ី ជិនពីង បានព្រមានជាថ្មីនៅឯសមាជបក្សកុម្មុយនិស្តចិន លើកទី២០ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនថា ចិននឹងមិនបោះបង់ចោលសិទ្ធិប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមជាមួយតៃវ៉ាន់នោះទេ ស្របពេលក្រុមមន្ត្រីអាមេរិក ជឿជាក់ថាចិនកំពុងសម្លឹងមើលការប្រើកម្លាំងយោធា កាន់តែលឿនជាងមុន៕