(ប៉េកាំង)៖ នៅក្នុងបរិបទដែលស្ថានភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់កំពុងឡើងកម្ដៅខ្លាំង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានព្រមានសាជាថ្មីនៅឯសមាជបក្សកុម្មុយនិស្ត លើកទី២០ ថាចិននឹងមិនបោះបង់ចោលឡើយនូវជម្រើសប្រើកម្លាំងយោធា ដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់។ ការព្រមានបែបនេះកំពុងជំរុញឱ្យមានការជជែកដេញដោលនៅក្នុង ចំណោមក្រុមមន្ត្រីអាមេរិក និងអ្នកវិភាគថាតើចិនកំពុងត្រៀមលក្ខណៈវាយកាន់កាប់តៃវ៉ាន់ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ឬក៏យ៉ាងណា? ខណៈរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) ក៏បានទទួលស្គាល់កាលពីថ្ងៃចន្ទ ទី១៧ ខែតុលានេះដែរថា ទីក្រុងប៉េកាំងសម្លឹងឃើញពេលវេលាកាន់តែលឿនជាងមុនក្នុងការប្រើកម្លាំងយោធា លើកោះតៃវ៉ាន់។
លោក ស៊ី ជិនពីង ត្រូវបានក្រុមមន្ត្រីចារកម្មអាមេរិកជឿជាក់ថាអាចនឹងបញ្ជាឱ្យកងទ័ពរំដោះប្រជាជនចិន (PLA) វាយយកតៃវ៉ាន់នៅឆ្នាំ២០២៤ ហើយស្របពេលដែលលោក ស៊ី ជិនពីង អាចនឹងកាន់តំណែងជាប្រធានាធិបតីចិន ក្នុងអាណត្តិទី៣នេះ វាធ្វើឱ្យគេបារម្ភថាតៃវ៉ាន់អាចនឹងកាន់តែស្ថិតនៅក្នុងគ្រោះថ្នាក់ជាងពេលណាៗទាំងអស់ ដ្បិតការបង្រួបបង្រួម ជាមួយតៃវ៉ាន់ គឺជាអាទិភាពដ៏ចម្បង និងជាកេរមរតកមួយដែលលោក ស៊ី ចង់បន្សល់ទុកឱ្យកូនចៅចិនជំនាន់ក្រោយដូចដែលលោកផ្ទាល់ធ្លាប់បានសន្យាថា «បញ្ហាតៃវ៉ាន់ត្រូវតែ ដោះស្រាយឱ្យហើយនៅក្នុងជំនាន់របស់លោក»។ ពោលគឺមិនអាចបន្តផ្ទេរពីមួយជំនាន់ទៅមួយជំនាន់តទៅទៀតឡើយ។
ជាការពិតណាស់ នៅពេលនិយាយដល់តៃវ៉ាន់ និងចិន ក្រុមអ្នកជំនាញភាគច្រើនយល់ស្របថាការបង្រួបបង្រួមជាមួយតៃវ៉ាន់ ប្រហែលជាគេចមិនរួចពីការប្រើកម្លាំងយោធានោះទេ។ ប៉ុន្តែ ប្រសិនបើចិនសម្រេចចិត្តធ្វើបែបនេះមែន ថាតើវាមានសញ្ញាដែលអាចឱ្យគេដឹងជាមុនដែរ ឬទេ? បើតាមក្រុមអ្នកជំនាញ សកម្មភាពសេដ្ឋកិច្ច និងយោធាជាកត្តាដ៏សំខាន់អាច កំណត់ពីចេតនារបស់ចិន។ និយាយពីសកម្មភាពសេដ្ឋកិច្ច ក្នុងនោះរួមមានការចាត់វិធានការភ្លាមៗ ក្នុងការបង្កកទ្រព្យសម្បត្តិបរទេសនៅក្នុងប្រទេសចិន ការធ្វើមាតុភូមិនិវត្តន៍នូវ ទ្រព្យសម្បត្តិរបស់ចិននៅឯក្រៅប្រទេស ការបង្កើនស្ដុកការផ្គត់ផ្គង់បន្ទាន់នានា ដូចជាថ្នាំពេទ្យ ប្រេង ចំណីអាហារ ព្រមទាំងផ្អាកការនាំចេញវត្ថុធាតុដើមសំខាន់ៗ។
ដោយឡែក សកម្មភាពយោធាវិញ ចិននឹងធ្វើការកែនទ័ពថ្នាក់ជាតិ ជាមួយការតម្រូវផងដែរនូវការដាក់ពង្រាយនាវាដឹកកងទ័ពឆ្លងសមុទ្រ ក្នុងចំនួនដ៏ច្រើនក្រោមការគំាទ្រពីកងទ័ព អាកាស និងកងទ័ពជើងទឹក។ សញ្ញាដំបូងដែលអាចនឹងបង្ហាញពីចេតនារបស់ចិន អាចនឹងត្រូវបានគេដឹងមុនក្នុងរយៈពេលពី ១៨ ដល់ ២៤ខែ ហើយសកម្មភាពសំខាន់ៗរួមមាន ការបង្កើនការស្ដុកទុកអាវុធ ជាពិសេសគឺប្រព័ន្ធមីស៊ីលកំណត់គោលដៅជាក់លាក់, ការពង្រីកសមត្ថភាព និងការត្រៀមលក្ខណៈរបស់កងទ័ពជើងទឹក និងជើងអាកាសក្នុងការចល័ត នាវាចម្បាំង នាវាមុជទឹក និងយន្ដហោះចម្បាំងចេញពីមូលដ្ឋានយោធាណាមួយ ដែលអាចក្លាយជាគោលដៅវាយប្រហារពីសំណាក់តៃវ៉ាន់ ឬសហរដ្ឋអាមេរិក តួយ៉ាងដូចជាចេញពី មូលដ្ឋានទ័ពជើងទឹក និងព្រលានយន្ដហោះយោធានៅក្បែរច្រកសមុទ្រតៃវ៉ាន់។ ចំណែកឯ សញ្ញាដទៃទៀតដែលគេអាចកត់សម្គាល់បានពីការត្រៀមលក្ខណៈរបស់ចិន នោះគឺ ការកែនកងទ័ពរំដោះប្រជាជនចិន ក្នុងខេត្ត ហ្វូជាំង (Fujian) រួមទាំងកងកម្លាំង PLA Rocket Force ទៅកាន់ទីតាំងប្រយុទ្ធសម្រាប់ការវាយប្រហារដោយអាវុធទូទៅធម្មតាលើតៃវ៉ាន់ និងអាចវាយប្រហារផងដែរលើកងទ័ពអាមេរិក ជប៉ុន ឬអូស្ត្រាលី នៅក្នុងតំបន់។
លោក ម៉ាល់ខុម ដាវីស (Malcolm Davis) ជាអ្នកជំនាញយោធាម្នាក់មកពីវិទ្យាស្ថាន Australian Strategic Policy Institute បានកត់សម្គាល់ថាប្រសិនបើចិនសម្រេចចិត្តប្រើកម្លាំង យោធាលើតៃវ៉ាន់ នោះចិនក៏ចាំបាច់វាយប្រហារលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងនោះមានដូចជាជប៉ុន អូស្ត្រាលី ជាមុនផងដែរសំដៅរារាំងកុំឱ្យពួកគេធ្វើអន្តរាគមន៍យោធា និងដើម្បីកេងចំណេញពេលវេលាវាយយកតៃវ៉ាន់។ លោកបន្ថែមទៀតថាដើម្បីអាចដំណើរការប្រតិបត្តិការទាំងនេះ កងទ័ពចិន PLA អាចនឹងបាញ់បង្ហោះផ្កាយរណបបន្ថែម ជាមុនសិន។
លើសពីនេះទៅទៀត នៅមុនការវាយប្រហារណាមួយ ចិនទំនងជានឹងមិនធ្វើឡើងភ្លាមៗ ឱ្យគេគ្រប់គ្នាភ្ញាក់ផ្អើលនោះទេ តែផ្ទុយទៅវិញទីក្រុងប៉េកាំងអាចនឹងបង្កើនវោហាសាស្ត្រ ប្រឆាំងតៃវ៉ាន់ ដើម្បីបញ្ចុះបញ្ចូលឱ្យប្រទេសភាគច្រើនយល់ថាចាត់ណាត់ការណាមួយរបស់ចិនជារឿងត្រឹមត្រូវ។ តែយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញជឿថាពេលវេលាធ្វើសង្រ្គាម វាអាចប្រែប្រួលទៅតាមកាលៈទេសៈជាក់ស្ដែង ដូចជាថាតើមានព្រឹត្តិការណ៍សំខាន់ណាមួយកើតឡើងដែរ ឬក៏កាលៈទេសៈដែលចិនយល់ថាមានភាពអំណោចផល ឬក៏ត្រូវបង្ខំចិត្ត។ ជាឧទាហរណ៍ ក្នុងករណីដែលតៃវ៉ាន់ប្រកាសឯករាជ្យ នោះចិនអាចនឹងត្រូវបង្ខំចិត្តប្រើកម្លាំងយោធាភ្លាមៗតែម្ដងក៏ថាបាន រីឯសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថាអាចនឹងដឹងជាមុនពី ចេតនាពិតប្រាកដរបស់ចិន ដូចដែលទីក្រុងវ៉ាស៊ីនតោនបានព្រមាន ៤ខែ មុននឹងរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន៕