(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ទាំងបួននៃអ៊ុយក្រែន ដែលទីក្រុងមូស្គូបានបញ្ចូល និងផ្តល់អំណាចបន្ទាន់បន្ថែមដល់ប្រមុខនៃតំបន់ទាំងអស់នៃប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។

ទោះជាយ៉ាងណាភ្លាមៗនេះ លោក ពូទីន មិន​បាន​បញ្ជាក់​ពី​វិធានការ​ដែល​នឹង​ត្រូវ​អនុវត្ត​ក្រោម​ច្បាប់អាជ្ញាសឹក​ទេ ប៉ុន្តែ​បាន​និយាយ​ថា ​បញ្ជា​របស់​លោក​មាន​ប្រសិទ្ធភាព​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍។ ក្រឹត្យ​របស់​លោក​ទុក​ពេល​ឲ្យ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​បី​ថ្ងៃ​ដើម្បី​ដាក់​សំណើ​ជាក់លាក់។

លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍នៅពេលចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថា «យើងកំពុងព្យាយាមដោះស្រាយកិច្ចការដ៏លំបាក និងទ្រង់ទ្រាយធំ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់រុស្ស៊ី និងការពារប្រជាជនរបស់យើង។ អ្នកដែលកំពុងហ្វឹកហាត់នៅជួរមុខ ឬនៅទីលានបាញ់ប្រហារ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនគួរតែមានអារម្មណ៍ថា មានការគាំទ្ររបស់យើង ហើយដឹងថានៅពីក្រោយពួកគេ យើងមានប្រទេសដ៏អស្ចារ្យ និងប្រជាជនរួបរួមរបស់យើង»

សភាជាន់ខ្ពស់របស់រុស្ស៊ី នឹងអនុម័តយ៉ាងឆាប់រហ័សនូវការសម្រេចចិត្តរបស់ លោក ពូទីន ក្នុងការដាក់ច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ចំនួនបួននេះ។ សេចក្តីព្រាងច្បាប់ណែនាំថា វាអាចពាក់ព័ន្ធនឹងការរឹតបន្តឹងលើការធ្វើដំណើរ និងការជួបជុំជាសាធារណៈ ការត្រួតពិនិត្យកាន់តែតឹងរឹង ក៏ដូចជាការផ្តល់អំណាចកាន់តែទូលំទូលាយសម្រាប់ភ្នាក់ងារអនុវត្តច្បាប់៕