(ប្រ៊ុចសែល)៖ សហភាពអឺរ៉ុបកំពុងធ្វើការឆ្ពោះទៅរកការដាក់ទណ្ឌកម្មថ្មីលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបានប្រមូល «ភស្តុតាងគ្រប់គ្រាន់» ដែលថាប្រទេសនេះកំពុងផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ី នូវយន្តហោះគ្មានមនុស្សបើក​ (ដ្រូន) សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។

លោកស្រី Nabila Massrali អ្នកនាំពាក្យរបស់ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាននិយាយថា «ឥឡូវនេះ ពួកយើងបានប្រមូលភស្តុតាងគ្រប់គ្រាន់ ខណៈការងាររបស់យើងកំពុងដំណើរការនៅក្នុងក្រុមប្រឹក្សា (អឺរ៉ុប) ដោយមើលឃើញថា សហភាពអឺរ៉ុបនឹងឆ្លើយតបយ៉ាងច្បាស់លាស់ រហ័ស និងរឹងមាំមួយចំពោះរឿងនេះ»

នៅថ្ងៃពុធនេះ អ៊ុយក្រែនបានអះអាងថា យោធារបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូន ដែលផលិតដោយប្រទេសអ៉ីរ៉ង់ សរុបជាង២២០គ្រឿង ក្នុងរយៈពេលជាង១ខែមកនេះ។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ រដ្ឋធានីកៀវនិងទីក្រុងមួយចំនួនទៀតរបស់អ៊ុយក្រែន បានទទួលរងការវាយប្រហារដោយ យន្តហោះដ្រូនអត្តឃាត ពីសំណាក់កងកម្លាំងរុស្ស៉ី ហើយបណ្តាលឱ្យជនស៉ីវិលមួយចំនួនបាត់បង់ជីវិត និងបង្កការខូចខាតដល់ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ខណៈទីក្រុងកៀវចោទថា រុស្ស៉ីបានដ្រូនទាំងនោះមកពីអ៉ីរ៉ង់ក៏ដោយ ទីក្រុងតេហេរ៉ង់នៅតែប្រកែកថា ខ្លួនមិនបានផ្គត់ផ្គង់ដ្រូនឬមីស៉ីល ឱ្យទីក្រុងមូស្គូ សម្រាប់ការប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែនឡើយ៕