(កៀវ)៖ នៅថ្ងៃពុធនេះ អ៊ុយក្រែនបានអះអាងថា យោធារបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូន ដែលផលិតដោយប្រទេសអ៉ីរ៉ង់ សរុបជាង២២០គ្រឿង ក្នុងរយៈពេលជាង១ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។

យោធាអ៊ុយក្រែនបានប្រាប់ ក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ចាប់ពីការបាញ់ទម្លាក់លើកដំបូងបំផុត នៃយន្តហោះដ្រូនអត្តឃាត សាហ៉ីដ-១៣៦ (Shahed-136) ដែលផលិតដោយអ៉ីរ៉ង់ នៅក្នុងទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី១៣ ខែកញ្ញាមក កងទ័ពអាកាស ក៏ដូចជាកងអង្គភាពដទៃទៀត នៃកងកម្លាំងការពារជាតិអ៊ុយក្រែន បានបាញ់កម្ទេចដ្រូនប្រភេទនេះសរុប ២២៣គ្រឿងហើយ»

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ រដ្ឋធានីកៀវនិងទីក្រុងមួយចំនួនទៀតរបស់អ៊ុយក្រែន បានទទួលរងការវាយប្រហារដោយ យន្តហោះដ្រូនអត្តឃាត ពីសំណាក់កងកម្លាំងរុស្ស៉ី ហើយបណ្តាលឱ្យជនស៉ីវិលមួយចំនួនបាត់បង់ជីវិត និងបង្កការខូចខាតដល់ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ខណៈទីក្រុងកៀវចោទថា រុស្ស៉ីបានដ្រូនទាំងនោះមកពីអ៉ីរ៉ង់ក៏ដោយ ទីក្រុងតេហេរ៉ង់នៅតែប្រកែកថា ខ្លួនមិនបានផ្គត់ផ្គង់ដ្រូនឬមីស៉ីល ឱ្យទីក្រុងមូស្គូ សម្រាប់ការប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែនឡើយ៕