(ប៉េកាំង)៖ សមាជបក្សកម្មុយនីស្តចិន លើកទី២០បានបើកធ្វើនៅវិមានសភាប្រជាជនចិនក្រុងប៉េកាំង នាថ្ងៃទី១៦ខែតុលាឆ្នាំ២០២២។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន តាងនាមឲ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ បានធ្វើរបាយការណ៍ការងារ ជូនអង្គសមាជ។

បន្ទាប់ពីស្តាប់របាយការណ៍ លោកស្រី Huang Ruihua ប្រធានប្រតិបត្តិសភាពាណិជ្ជកម្មចិនហុងកុង និងម៉ាកាវនៅកម្ពុជាមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង។

លោកស្រី Huang Ruihua បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា ជនជាតិចិននៅក្រៅប្រទេសគួរតែបំពេញតម្រូវការ នៃការអភិវឌ្ឍមាតុភូមិ ដើរតួនាទីពេញលេញជាស្ពាន និងជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសដែលពួកគេរស់នៅ និងប្រទេសចិន។ ជាពិសេស ពួកយើងកសាងទំនាក់ទំនងតភ្ជាប់គ្នាក្នុងយុគសម័យថ្មី កសាងមជ្ឈមណ្ឌលធនធានមនុស្សសំខាន់ និងតំបន់នវានុវត្តន៍សម្រាប់ពិភពលោក សម្រេចបាននូវការបង្រួបបង្រួមជាតិមាតុភូមិដោយគ្រប់ជ្រុងជ្រោយ និងរួមគ្នាដើម្បីសម្រេចបាននូវក្តីសុបិនរបស់ប្រទេសចិន។

«ពួកយើងជនជាតិចិននៅក្រៅប្រទេសមានឆន្ទៈ ក្នុងការរួមគ្នាតែមួយជាមួយមាតុភូមិ ដើម្បីរួមចំណែកកាន់តែច្រើនដល់មនុស្សជាតិ និងដើម្បីកសាងប្រទេសចិនឱ្យក្លាយជា ប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លា មានវិបុលភាព រីកចម្រើន ប្រជាធិបតេយ្យ អរិយធម៌ ប្រកបដោយសុខដុមរមនា និងស្រស់ត្រកាលនៅពាក់កណ្តាលសតវត្សរ៍នេះ»

លោកស្រីបានសង្កត់ធ្ងន់ថា សុន្ទរកថារបស់លោក Xi Jinping អគ្គលេខាធិការបក្ស នៅក្នុងសមាជបក្សលើកទី២០នេះ បានធ្វើឱ្យពួកយើងជាជនជាតិចិននៅក្រៅប្រទេសទាំងអស់ កាន់តែមានអារម្មណ៍ថា មាតុភូមិតែងតែជាអ្នកគាំទ្រដ៏រឹងមាំ របស់ពួកយើងជានិរន្តរ៍។ របាយការណ៍នៃសមាជបក្សកុម្មុយនីស្ដចិនលើកទី២០ បានផ្តល់ឱ្យយើងនូវការយល់ដឹងកាន់តែច្បាស់ អំពីដំណើរថ្មីរបស់មាតុភូមិ។ ប្រជាជនចិននៅឯនាយសមុទ្រទាំងអស់ មានសេចក្តីសោមនស្សរីករាយ ដែលប្រជាជាតិចិនកំពុងស្ថិតនៅលើដំណើរដ៏អស្ចារ្យ នៃការស្តារភាពរុងរឿងជាតិឡើងវិញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនីស្តចិន។

«ពួកយើងត្រូវសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ យល់ឱ្យបានស៊ីជម្រៅ និងធ្វើការជាមួយប្រជាជនគ្រប់ជនជាតិ ក្នុងប្រទេសចិនទាំងមូល ដើម្បីកសាងប្រទេសដ៏ទំនើបនិងខ្លាំងក្លា រួមគ្នាខិតខំប្រឹងប្រែងដើម្បីការស្ដារ ភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ»

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)