(ស៉ីដនី)៖ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាឡេស (Richard Marles) បាននិយាយថា យោធាកំពុងធ្វើការស៉ើបអង្កេតទៅលើរបាយការណ៍ ដែលថាអតីតពីឡុតរបស់ខ្លួនកំពុងទទួលយក តួនាទីជាអ្នកហ្វឹកហាត់ដល់យោធាក្នុងប្រទេសចិន ស្របពេលដែលអង់គ្លេសបានប្រកាសថា ខ្លួនអាចចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់មិនឱ្យពីឡុតអង់គ្លេស អាចត្រូវអូសទាញក្នុងគោលដៅស្រដៀងគ្នា ដោយឈរលើមូលដ្ឋានសន្តិសុខជាតិ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។

ក្នុងសេចក្តីថ្លែងការណ៍មួយ លោក ម៉ាឡេស បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំច្បាស់ជានឹងមានការតក់ស្លុត និងព្រួយបារម្ភជាខ្លាំង នៅពេលលឺថា មានមន្រ្តីយោធាអូស្រ្តាលី ត្រូវបានអូសទាញដោយសារតែទឹកប្រាក់ពីបរទេស​ ជាជាងបម្រើប្រទេសជាតិរបស់ខ្លួន។ ខ្ញុំបានស្នើឲ្យនាយកដ្ឋានស៊ើបអង្កេតបើកការស្រាវជ្រាវលើករណីនេះ ហើយត្រលប់មកការិយាល័យរបស់ខ្ញុំវិញ ជាមួយការណែនាំច្បាស់លាស់អំពីបញ្ហានេះ»

គួរបញ្ជាក់ថា ក្រសួងការពារជាតិអូស្រ្តាលី បាននឹងកំពុងបើកការស៊ើបអង្កេត លើការអះអាងមួយដែលថា មានអតីតពីឡុតយោធាអូស្ត្រាលី ត្រូវបានជ្រើសរើសឲ្យទៅបង្វឹកនៅសាលាបណ្តុះបណ្តាលការហោះហើររបស់អាហ្រ្វិកខាងត្បូង ហៅកាត់ថា TFASA ដែលមានមូលដ្ឋានក្នុងប្រទេសចិន។ យ៉ាងនេះក្តី សាលា TFASA មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរសុំធ្វើការអត្ថាធិប្បាយ ជុំវិញរបាយការណ៍នេះឡើយ៕