(មូស្គូ)៖ អាជ្ញាធរដែលតែងតាំងដោយទីក្រុងម៉ូស្គូ នៅក្នុងតំបន់ខឺសុន (Kherson) ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធនេះថា ពួកគេមានផែនការជម្លៀសជនស៊ីវិលយ៉ាងតិចប្រហែល ៥០,០០០នាក់ ចំពោះមុខការវាយបករបស់កងកម្លាំងអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។

លោក វ្ល៉ាឌីមៀ សាលដូ (Vladimir Saldo) បានប្រាប់ប្រព័ន្ធផ្សពផ្សាយរុស្ស៉ី RIA Novosti យ៉ាងដូច្នេះថា «យើងនឹងជម្លៀសមនុស្សពី៥០,០០០ ទៅ៦០,០០០នាក់ទៅកាន់ច្រាំងខាងឆ្វេងនៃទន្លេឌីនីប្រូ។ ការជម្លៀសនឹងចំណាយពេល៦ថ្ងៃ ខណៈការជម្លៀសតាមទូកបានចាប់ផ្តើមជាបណ្តើរហើយ»។ អ្នកដែលត្រូវជម្លៀសខ្លួនទាំងនោះ អាចនឹងធ្វើដំណើរទៅកាន់រុស្ស៉ី។

ទីភ្នាក់ងារព័ត៌មានរុស្ស៉ី RIA Novosti បានរាយការណ៍បន្តថា អ្នកស្រុកក្នុងតំបន់បានទទួលសារជាអក្សរជំរុញឲ្យពួកគេជម្លៀសខ្លួន មុនពេលកងទ័ពអ៊ុយក្រែនចាប់ផ្តើមទម្លាក់គ្រាប់បែក។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មេបញ្ជាការយោធារុស្ស៊ី ដែលដឹកនាំប្រតិបត្តិការនៅអ៊ុយក្រែន បាននិយាយថាកងកម្លាំងរុស្ស៊ីកំពុងរៀបចំផែនការការជម្លៀសពួកគេដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ទីក្រុងក្នុងតំបន់ខឺសុន និងតំបន់ជុំវិញ ត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី នៅដើមដំបូងនៃការឈ្លានពានលើ​អ៊ុយក្រែន។ ប៉ុន្តែកាលពីចុងរដូវក្តៅ អ៊ុយក្រែនបានធ្វើការវាយបកនៅភាគខាងត្បូង ហើយបាននិងកំពុងបន្តរុលទៅមុខកាន់តែជ្រៅ នៅតំបន់​នេះ។ ភាពរីកចម្រើនរបស់កងទ័ពអ៊ុយក្រែនគឺស្ថិតនៅលើច្រាំងខាងស្តាំនៃទន្លេឌីនីប្រូ ហើយអ៊ុយក្រែនបានកំណត់គោលដៅ ការវាយប្រហារលើស្ពាននៅច្រាំងខាងឆ្វេង ដើម្បីបង្អាក់ខ្សែផ្គត់ផ្គង់រ​បស់រុស្ស៉ី៕