(សេអ៊ូល)៖ នៅថ្ងៃពុធនេះប៉ូឡូញបានសម្រេចទិញប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតថែមទៀត នៅក្នុងកិច្ចព្រមព្រៀងទិញសព្វាវុធ ថ្មីចុងក្រោយបំផុតរបស់ខ្លួន ជាមួយកូរ៉េខាងត្បូង បន្ទាប់ពីការទិញរថក្រោះនិងកាំភ្លើងធំហោវីតសឺ ស្របពេលដែលប្រទេសអឺរ៉ុបកណ្តាលមួយនេះ កំពុងបង្កើនការនាំចូលអាវុធ ក្រោយការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក ម៉ារីអ៊ូស ប្លាសហ្សាក់ (Mariusz Blaszczak) បានប្រាប់ថា កិច្ចព្រមព្រៀងខាងលើ ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុន ហានវ៉ា ឌីហ្វិន (Hanwha Defense) របស់កូរ៉េខាងត្បូង ដើម្បីទិញប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតធុន K239 Chunmoo។ នៅក្រោមកិច្ចព្រមព្រៀងនោះ កូរ៉េខាងត្បូងនឹងផ្គត់ផ្គង់ប្រព័ន្ធ Chunmoo សរុប២៨៨គ្រឿង ដែលគិតជាទឹកប្រាក់ស្មើនឹង៦ពាន់លានដុល្លារ ដល់ប៉ូឡូញ។

កាលពីខែកក្កដាកន្លងទៅ ប៉ូឡូញបានចុះកិច្ចព្រមព្រៀងទំហំ ៥.៨ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន២ គឺក្រុមហ៊ុន ហ៉ីយុនដាយ រ៉ូតឹម (Hyundai Rotem) សម្រាប់ការទិញរថក្រោះ K2 Black Panther ចំនួន១៨០គ្រឿង និងក្រុមហ៊ុន ហានវ៉ា ឌីហ្វិន សម្រាប់ការទិញកាំភ្លើងធំហោវីតសឺ K9 ចំនួន២១២គ្រឿង។ ទីក្រុងវ៉ាសូវីទើបតែទទួលបានរថក្រោះ ១០គ្រឿងដំបូង និងកាំភ្លើងធំ ២៤គ្រឿងដំបូង ពីកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ក្រៅពីនេះ កាលពីក្នុងខែកក្កដាដដែល ប៉ូឡូញក៏បានព្រមព្រៀងទិញ យន្តហោះចម្បាំងធុន FA-50 ចំនួន៤៨គ្រឿង ពីកូរ៉េខាងត្បូងថែមទៀតផង ហើយយន្តហោះចម្បាំងទាំងនោះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមប្រគល់ឱ្យប៉ូឡូញ នៅឆ្នាំ២០២៣៕