(តែលអាវីវ)៖ រដ្ឋមន្រ្តីយុត្តិធម៌អ៉ីស្រាអែល លោក ហ្គីឌៀន សាអារ (Gideon Saar) បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា អ៉ីស្រាអែលនឹងមិនផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែននោះឡើយ បន្ទាប់ពីរដ្ឋមន្រ្តីអ៉ីស្រាអែលម្នាក់ទៀត បានបង្ហាញសញ្ញាផ្ទុយពីនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។

លោក សាអារ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដូច្នេះថា «ការគាំទ្ររបស់យើងសម្រាប់អ៊ុយក្រែន គឺមិនមានការផ្តល់សព្វាវុធនោះទេ ហើយក៏ពុំមានការផ្លាស់ប្តូរ នូវគោលជំហរបែបនេះដែរ»។ ការចេញមុខបញ្ជាក់បែបនេះដោយ លោក សាអារ គឺបន្ទាប់ពីរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការជនជាតិជ្វីហ្វរស់នៅក្រៅប្រទេស គឺលោក ណាចមែន ស្សៃ (Nachman Shai) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនថា វាដល់ពេលហើយដែលអ៊ុយក្រែន ត្រូវទទួលបានជំនួយយោធាពីអ៉ីស្រាអែល។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នាពេលនោះរបស់លោក ស្សៃ បានបង្កឱ្យទីក្រុងមូស្គូមានការខឹងសម្បារជាខ្លាំង។ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បានព្រមានថា ការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន នឹងបំផ្លាញទំនាក់ទំនងការទូតនានារវាងអ៉ីស្រាអែលនិងរុស្ស៉ី។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទីក្រុងតែលអាវីវ ក៏បានបដិសេធផងដែរចំពោះ សំណើរបស់ទីក្រុងកៀវ ដែលចង់ឱ្យមានកិច្ចពិភាក្សា​តាមទូរស័ព្ទរវាងរដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល និងរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន។ ទោះជាបែបនេះក្តី ទីក្រុងកៀវមិនរាថយឡើយ ដោយប្រមុខការទូតអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា (Dmitry Kuleba) បានលើកឡើងកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលលោក នឹងផ្ញើលិខិតផ្លូវការទៅកាន់អ៉ីស្រាអែល ដើម្បីស្នើសុំប្រព័ន្ធការពារដែនអាកាស៕