(ប្រេតូរីយ៉ា)៖ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ស៉ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានអះអាងថា អារ៉ាប៊ីសាអូឌីតមានចំណាប់អារម្មណ៍ចង់ ចូលរួមក្នុងសម្ព័ន្ធភាពនៃអង្គការ BRICS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។
លោក រ៉ាម៉ាហ្វូសា ទើបតែបានបញ្ចប់ការបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅព្រះរាជាណាចក្រអារ៉ាប់មួយនេះ ដែលក្នុងកំលុងដំណើរទស្សនកិច្ចនោះ រូបលោកបានជួបជាមួយរជ្ជទាយាទ ព្រះអង្គម្ចាស់ ម៉ូហាំម៉ាត់ ប៊ីន សាល់ម៉ាន់ ហើយថ្នាក់ដឹកនាំដទៃទៀតរបស់អារ៉ាប៊ីសាអូឌីត។ លោកប្រធានាធិបតីអាហ្រ្វិកខាងត្បូង បាននិយាយដូច្នេះថា «ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន់ បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ទីក្រុងរីយ៉ាដ ក្នុងការក្លាយជាផ្នែកនៃអង្គការ BRICS ហើយមិនមែនមានតែអារ៉ាប៊ីសាអូឌីតមួយប៉ុណ្ណោះទេ»។
អង្គការ BRICS ដែលមានសមាជិកដូចជា ប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង នឹងបើកកិច្ចប្រជុំកំពូលបន្ទាប់របស់ខ្លួន នៅទីក្រុងចូហានណេសបឺហ្គ (Johannesburg) របស់អាហ្រ្វិកខាងត្បូង នាឆ្នាំក្រោយនេះ។ លទ្ធភាពនៃការបញ្ចូលសមាជិកថ្មីៗទំនងជានឹងក្លាយជាប្រធានបទចម្បងមួយ ក្នុងរបៀបវារៈនៃកិច្ចប្រជុំ ខណៈក្រៅពីអារ៉ាប៊ីសាអូឌីត BRICS ក៏អាចនឹងពិចារណាលើការបន្ថែមប្រទេសដូចជា តួកគី អេហ្ស៉ីប និងអាល់ហ្សេរីផងដែរ។
គួរបញ្ជាក់ថា ស្ថានការណ៍វិវត្តន៍នេះកើតមាន ចំគ្រាដែលភាពប្រេះឆាកាន់តែរីកធំឡើងៗ រវាងទីក្រុងរីយ៉ាដនិងទីក្រុងវ៉ាស៉ីនតោន ជុំវិញការសម្រេចចិត្តរបស់អង្គការ OPEC ក្នុងការកាត់បន្ថយផលិតកម្មប្រេង។ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានអារ៉ាប៊ីសាអូឌីត ពីផលវិបាក ហើយចោទប្រកាន់សម្ព័ន្ធមិត្តអារ៉ាប់របស់ខ្លួនថា ទៅឈរនៅខាងរុស្ស៉ីក្នុងវិបត្តិអ៊ុយក្រែន។ រីឯក្រុមសមាជិកសភាអាមេរិក បានអំពាវនាវឱ្យកាត់ផ្តាច់កិច្ចសហប្រតិបត្តិការជាមួយ អារ៉ាប៊ីសាអូឌីត ដូចជាបញ្ឈប់ការលក់សព្វាវុធ និងដកការគាំទ្រយោធាជាដើម៕