(ណៃពិដោ)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៨នាក់បានស្លាប់ និង១៨នាក់រងរបួស ក្រោយគ្រាប់បែក២គ្រាប់ បានផ្ទុះឡើងនៅក្រៅពន្ធនាគារដ៏ធំបំផុត របស់ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃពុធនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។
ប្រព័ន្ធផ្សព្វផ្សាយ Myanmar Now បានឲ្យដឹងថា មន្ត្រីបីនាក់ និងអ្នកទៅសួរសុខទុក្ខចំនួន៥នាក់ បានស្លាប់ ក្នុងហេតុការណ៍ខាងលើ ដែលបានកើតឡើងនៅពន្ធនាគារ អ៉ីនសេន (Insein) ក្នុងទីក្រុងយ៉ាងហ្គូន បន្ទាប់ពីការផ្ទុះចំនួនពីរលើក កាលពីវេលាម៉ោង ៩៖៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅជិតបញ្ជរផ្ញើទំនិញរបស់ពន្ធនាគារ។
ចំណែកប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាមួយផ្សេងទៀត ក៏បានរាយការណ៍ថា អ្នកដែលរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនចេញពីពន្ធនាគារ ទៅកាន់មន្ទីរពេទ្យ។ រីឯអ្នកដែលរបួសស្រាល ទទួលការព្យាបាលនៅក្បែរកន្លែងកើតហេតុ។
គួរបញ្ជាក់ថា Insein គឺជាពន្ធនាគារដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា ហើយអ្នកទោសនយោបាយរាប់ពាន់នាក់ ត្រូវបានបញ្ជូនទៅទីនេះ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំមុន៕