(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នាថ្ងៃពុធនេះ កូរ៉េខាងជើងបានបាញ់កាំភ្លើងធំ ១០០គ្រាប់ទៀត បន្ទាប់ពីបានបាញ់រាប់រយគ្រាប់ ចេញពីភាគខាងកើតនិងខាងលិចប្រទេស ចូលសមុទ្រ ក្នុងទង្វើដែលទីក្រុងព្យុងយ៉ាងហៅថា ជាការព្រមានដ៏ធ្ងន់មួយចំពោះទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។
យោធាកូរ៉េខាងត្បូងបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ការបាញ់កាំភ្លើងធំ១០០គ្រាប់បន្ថែមខាងលើ ដោយកូរ៉េខាងជើង គឺបានកើតឡើងនៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ហើយបានទទូចឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់សកម្មភាព ដែលខ្លួនហៅថាជា ការគំរាមកំហែងចំពោះសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់។
យ៉ាងណាមិញ ខាងយោធាកូរ៉េខាងជើង បានចេញមុខអះអាងថា សកម្មភាពនោះ គឺជាការឆ្លើយតបចំពោះ ការបាញ់រ៉ុក្កែតជាង ១០គ្រាប់របស់កូរ៉េខាងត្បូង នៅក្បែរព្រំប្រទល់អន្តរកូរ៉េ កាលពីចន្លោះម៉ោង៨៖២៧-៩៖៤០នាទីព្រឹក និងបានអំពាវឱ្យទីក្រុងសេអ៊ូល បញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្កហេតុ ក្បែរព្រំដែន។
គួរបញ្ជាក់ថា ការបាញ់កាំភ្លើងធំនិងគ្រាប់រ៉ុក្កែតតបតគ្នា នាថ្ងៃពុធនេះគឺកើតឡើង បន្ទាប់ពីកូរ៉េខាងជើង បានបាញ់កាំភ្លើងធំ ១០០គ្រាប់ចូលសមុទ្រ ចេញពីភាគខាងលិចប្រទេស ហើយបានបាញ់១៥០គ្រាប់ទៀត ចេញពីភាគខាងកើតប្រទេស កាលពីយប់ថ្ងៃអង្គារ។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ កូរ៉េខាងត្បូងបានចាប់ផ្តើម សមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួនហៅថា ហូហ្គុក (Hoguk) ដែលមានគោលដៅពង្រឹងសមត្ថភាពឆ្លើយតប ចំពោះការគំរាមកំហែងនៃមីស៉ីលនិងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង៕