(ប៉េកាំង)៖ បច្ចុប្បន្ននេះ សង្គមមនុស្សជាតិបាននិងកំពុងប្រឈមមុខនឹង បញ្ហាដែលមិនធ្លាប់មានកាលពីមុន ពិភពលោកឈរនៅផ្លូវបំបែកនៃប្រវត្តិសាស្ត្រជាថ្មីម្តងទៀត។ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំងយ៉ាងឱឡារិក លោក Xi Jinping អគ្គលេខាធិការបក្សបានតាងនាម គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ជូនអង្គសមាជ។

ប្រឈមមុខនឹងបម្រែប្រមួលសកលមួយរយឆ្នាំ ជម្រើសរបស់ប្រទេសចិនគឺជំរុញសន្តិភាពនិងវឌ្ឍនភាពសកល ជំរុញការបង្កើតសហគមន៍រួមវាសនាតែមួយ របស់មនុស្សជាតិ។ ការបើកធ្វើនៃសមាជិកបានញ៉ាំងឱ្យមាន ប្រតិកម្មជាទូទៅនៅពិភពលោកទាំងមូល។ សហគមន៍អន្តរជាតិបានសម្គាល់ឃើញជាទូទៅថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយការទូត ដែលគាំពារសន្តិភាពសកល ជំរុញការអភិវឌ្ឍរួម ខំប្រឹងដើម្បីបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ផ្តល់ឱកាសថ្មីដល់ពិភពលោក តាមរយៈការអភិវឌ្ឍថ្មី ក្នុងន័យជំរុញកសាងពិភពលោកដែលកាន់តែល្អបវរ។

លោក William Jones ប្រធានសាខាក្រុងវ៉ាស៊ីនតោននៃទស្សនវដ្តី «Global Strategy Journal» របស់អាមេរិកបានសម្គាល់ឃើញថា ប្រទេសចិនប្រកាន់ខ្ជាប់នូវការបើកទូលាយ ចំពោះក្រៅប្រទេសក្នុងកម្រិតខ្ពស់ វានឹងផ្តល់ឱកាសអភិវឌ្ឍន៍កាន់តែច្រើន សម្រាប់ពិភពលោក នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសនានា។ យុទ្ធសាស្រ្តនិងទិសដៅដែលលើកឡើង ក្នុងរបាយកាណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ អាចជំរុញឱ្យសម្រេចបាននូវវិបុលភាពរួមសកល។

លោក Bakhsh Haraj និពន្ធនាយកនៃ «កាសែតអ៊ីរ៉ង់ថាម» បានលើកឡើងថា សេដ្ឋកិច្ចចិនបន្តអភិវឌ្ឍដោយរឹងមាំ ប្រទេសចិនខិតខំប្រឹងប្រែងដើម្បីកសាងសេដ្ឋកិច្ចសកលបែបបើកទូលាយ ទាំងនេះនឹងរួមចំណែកជាវិជ្ជមានដល់ ពិភពលោកឥតឈប់ឈរ។

លោក Zemir Awan ប្រធានស្ថាបនិកនៃសហព័ន្ធសិក្សាស្រាវជ្រាវផ្លូវសូត្រសកល ដែលជាធនាគារគំនិតរបស់ប៉ាគីស្ថាន បានសម្គាល់ឃើញថា ប្រទេសចិនគូសបញ្ជាក់ពីការប្រកាន់ខ្ជាប់ នូវការបើកទូលាយចំពោះក្រៅប្រទេស ក្នុងកម្រិតខ្ពស់ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ប្រកាន់ខ្ជាប់យ៉ាងមុតមាំ នូវយុទ្ធសាស្រ្តបើកទូលាយ ដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។ ខ្ញុំជឿជាក់ថា ប្រទេសចិននិយាយម៉ាត់ណាម៉ាត់ហ្នឹង នឹងរួមចំណែកកាន់តែធំសម្រាប់វិបុលភាពនិងវឌ្ឍនភាពសេដ្ឋកិច្ចសកលជាក់ជាមិនខាន។

លោក Sergey Lukonen នាយកផ្នែកនយោបាយនិងសេដ្ឋកិច្ចចិន នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសកលនិងទំនាក់ទំនងអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្រ្តរុស្ស៊ីសម្គាល់ថា ប្រទេសចិនពន្លឿនបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ដែលចាត់ទុកភាពវិលជុំក្នុងស្រុកជាសំខាន់ ភាពវិលជុំជាតិនិងអន្តរជាតិ ជំរុញដល់គ្នាទៅវិញទៅមក នេះមានន័យថា ខណៈពេលពង្រីកការប្រើប្រាស់ក្នុងស្រុក ប្រទេសចិនបានធ្វើឱ្យកិច្ចសហប្រតិបត្តិការ ជាមួយបរទេសកាន់តែស៊ីជម្រៅ។ សមាជបក្សកុម្មុយនីស្តចិនគូសបញ្ជាក់ពីការបើកទូលាយកម្រិតខ្ពស់ ប្រការនេះនឹងនាំមកនូវកាលានុវត្តភាពថ្មី ដល់ប្រទេសនិងតំបន់ផ្សេងទៀត។

លោក Bambang Suryo បញ្ញវន្តឥណ្ឌូណេស៊ីលើកឡើងថា ទំនើបកម្មបែបផែនចិនជាការច្នៃប្រឌិតថ្មីចំពោះទ្រឹស្តីទំនើបកម្មសកល គំនិតអភិវឌ្ឍន៍និងបទពិសោធន៍អភិវឌ្ឍន៍ ក្នុងដំណើរទំនើបកម្មបែបផែនចិន មុខជានឹងផ្តល់ការបំផុសគំនិតនិងមេរៀនដ៏សំខាន់ ដល់ប្រទេសនានាលើពិភពលោក។

លោក Mamadou Diouf សង្គមវិទូស៊ែណេហ្គាលបានសម្គាល់ឃើញថា ទំនើបកម្មបែបផែនចិនគូសបញ្ជាក់ពីការការពារអេកូឡូស៊ី បរិស្ថាននិងផលប្រយោជន៍មនុស្សជាតិ ជំរុញការរួមរស់នៅដោយសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ នេះគឺស៊ីសង្វាក់កម្រិតខ្ពស់ជាមួយការអភិវឌ្ឍជានិរន្តរភាព។ រំពឹងថាចិនអាចចែករំលែកពីបទពិសោធន៍ផ្នែកទំនើបកម្ម បែបផែនចិនជាមួយពិភពលោក។

លោក Cavens Adhill បញ្ញវន្តកេនយ៉ាបានលើកឡើងថា ទំនើបកម្មបែបផែនចិនដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តវិធី បានផ្តល់ជម្រើសថ្មីសម្រាប់ប្រទេសដទៃ ពន្លឿនការអភិវឌ្ឍខណៈពេលរក្សាភាពឯករាជ្យរបស់ខ្លួន ដែលបានរួមចំណែកដ៏សំខាន់សម្រាប់ មនុស្សជាតិរុករកផ្លូវទំនើបកម្មទីទៃពីគ្នា។ ការអភិវឌ្ឍរបស់ប្រទេសចិន គួរឱ្យប្រទេសដទៃពិចារណានិងរៀនសូត្រតាម៕

វិទ្យុមិត្តភាពកម្ពុជាចិន