(ប៉េកាំង)៖ ខណៈពេលសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បាននិងកំពុងបើកធ្វើ គណបក្សនិងអ្នកនយោបាយបរទេសសំខាន់ៗ និងឥស្សរជនមកពីគ្រប់មជ្ឈដ្ឋានបាននាំគ្នា ផ្ញើសារលិខិតជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីសម្តែងការអបអរសាទរចំពោះ ការបើកធ្វើដោយជោគជ័យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០។
លោក Paul Biya ប្រធានាធិបតីកាមេរូនបានលើកឡើងថា ជឿជាក់ថា សមាជលើកនេះពិតជានឹងបំពេញបន្ថែម នូវកម្លាំងចលករថ្មីក្នុងការជំរុញការស្តារឡើងវិញដ៏មហិមា របស់ប្រជាជាតិចិនជាក់ជាមិនខាន។ លោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានលើកឡើងថា ការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី២០ កំពុងឋិតក្នុងគ្រាគន្លឹះ ដែលនិម្មាបនកម្មពិភពលោកបាននិងកំពុងកើតមានបម្រែបម្រួលយ៉ាងស៊ីជម្រៅ។ ជឿជាក់ថា ក្នុងអំឡុងពេលសមាជលើកនេះ មេដឹកនាំចិននឹងប្រើពុទ្ធិនយោបាយនិងចក្ខុវិស័យដ៏វែងឆ្ងាយ ដើម្បីគ្រោងផែនទីបង្ហាញផ្លូវសម្រាប់វឌ្ឍនភាព និងវិបុលភាពនៃប្រជាជាតិចិន។
លោក Gennady Zyuganov ប្រធានបក្សកុម្មុយនីស្តនៃសហព័ន្ធរុស្ស៊ី បានលើកឡើងថា ក្នុងរយៈពេលជាង ១០០ឆ្នាំកន្លងមក បក្សកុម្មុយនីស្តចិនបានឆ្លងកាត់ដំណើរដ៏ត្រចះត្រចង់ ដែលប្រកបដោយការខិតខំតស៊ូនិងជ័យជម្នះ ហើយបាននិងកំពុងដឹកនាំសេដ្ឋកិច្ចចិន ឱ្យឈានចូលក្នុងចំណោមជួរមុខនៅលើពិភពលោក។
គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះទស្សនៈស្តីពីការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ដែលលើកឡើងដោយលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ហើយរីករាយបន្តពង្រឹង «ចំណងមិត្តភាពដែកថែប» រវាងភាគីទាំងពីរឥតឈប់ឈរ ដើម្បីចាប់ដៃគ្នាកសាងសហគមន៍រួមវាសនារវាងកម្ពុជានិងចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន