(ហ្សាកាតា)៖ មន្រ្តីសុខាភិបាលឥណ្ឌូណេស៉ី បាននិយាយនៅថ្ងៃពុធនេះថា កុមារចំនួន៧៤នាក់នៅក្នុងប្រទេសឥណ្ឌូណេស៉ី បានស្លាប់ដោយសារតែបញ្ហារបួសតម្រងនោមធ្ងន់ធ្ងរ គិតចាប់តាំងពីខែមករា ឆ្នាំ២០២២នេះ ខណៈក្រុមអ្នកជំនាញខាងស៉ើបអង្កេតថាករណីបែបនេះមានការកើនឡើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។
ការរកឃើញខាងលើនេះបានកើតឡើង បន្ទាប់ពីមន្រ្តីសុខាភិបាលក្នុងប្រទេសហ្គាំប៊ី បានឲ្យដឹងថាកុមារជិត៧០នាក់បានស្លាប់ដោយសាររបួសតម្រងនោមធ្ងន់ធ្ងរ ក្រោយពីប្រើថ្នាំប៉ារ៉ាសេតតាម៉ុល ដែលលក់ក្នុងស្រុកដើម្បីព្យាបាលជំងឺគ្រុនក្តៅ។ កម្រិតលើសនៃសារធាតុបន្ថែមពណ៌និងជាតិផ្អែម ត្រូវបានរកឃើញនៅក្នុងផលិតផលស៉ីរ៉ូក្អកចំនួន៤ប្រភេទ ដែលផលិតដោយក្រុមហ៊ុនឱសថមួយ មានមូលដ្ឋាននៅទីក្រុងញូដេលី ហើយត្រូវបានដាក់លក់ក្នុងប្រទេសហ្គាំប៊ី។
បើតាមមន្រ្តីនៅទីភ្នាក់ងារចំណីអាហារ និងឱសថ របស់ប្រទេសឥណ្ឌូនេស៊ី, ផលិតផលនេះមិនមានលក់ក្នុងប្រទេសអាស៊ាននោះទេ ប៉ុន្តែចាប់តាំងពីពេលនោះមក មានការហាមឃាត់ចំពោះការប្រើប្រាស់សារធាតុផ្សំ ក្នុងទឹកស៊ីរ៉ូឱសថទាំងអស់សម្រាប់កុមារ។ មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៉ី លោកស្រី សាទី ណាឌៀ តាមីហ្ស៉ី (Siti Nadia Tarmizi) បាននិយាយថា ក្រសួងបានរកឃើញករណីរបួសតម្រងនោមធ្ងន់ធ្ងរចំនួន១៨៩ ករណីក្នុងចំណោមកុមារឥណ្ឌូនេស៊ី ដែលភាគច្រើនមានអាយុក្រោម៥ឆ្នាំ។
គួរបញ្ជាក់ថា ក្រុមអ្នកជំនាញសុខាភិបាលមួយត្រូវបានបង្កើតឡើង ក្នុងប្រទេសឥណ្ឌូណេស៉ី ដើម្បីបើកស៊ើបអង្កេតលើការរីករាលដាលនៃករណីរបួសតម្រង់នោម ក្នុងចំណោមកុមារ ដោយមានតំណាងមកពីក្រសួងសុខាភិបាល សមាគមគ្រូពេទ្យកុមារឥណ្ឌូនេស៊ី និងអង្គការសុខភាពពិភពលោក (WHO)៕