(វែលីងតោន)៖ សភានៃប្រទេសនូវែលសេឡង់ នៅថ្ងៃពុធនេះ បានស្នើឲ្យមានការកែប្រែច្បាប់ប្រឆាំងភេរវកម្ម ដើម្បីរឹតត្បិតបន្ថែមទៀត លើអ្នកដែលជាប់សង្ស័យ ថាមានផែនការវាយប្រហារភេរវកម្ម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។

ការកែប្រែច្បាប់គ្រប់គ្រង និងបង្ក្រាបអំពើភេរវកម្ម ធ្វើឡើងតាមធម្មនុញ្ញនៃច្បាប់ស្តីពីការប្រឆាំងភេរវកម្មឆ្នាំ២០២១ បន្ទាប់ពីមានការវាយប្រហារដោយកាំបិតលើ មនុស្សមួយចំនួន នៅផ្សារទំនើបក្នុងទីក្រុងអូកឡែន (Auckland) ដោយបុរសម្នាក់ដែលមានទស្សនៈជ្រុលនិយម។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នូវែលសេឡង់ លោកស្រី គីរី អាល់លេន (Kiri Allen) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ដរាបណាគ្មានច្បាប់ដែលអាចបញ្ឈប់គំនិត ភេរវកម្មនោះទេ នោះនឹងគ្មានការផ្លាស់ប្តូរដើម្បីឈានទៅរកការទប់ស្កាត់សកម្មភាពនេះបានទេ។

គួរបញ្ជាក់ថា បន្ទាប់ពីការវាយប្រហារដោយកាំបិត នៅក្នុងផ្សារទំនើបមួយកាលពីឆ្នាំ២០២១ រដ្ឋាភិបាលនូវែលសេឡង់ កំពុងពិនិត្យឡើងវិញអំពីរបៀបកែលម្អច្បាប់ ដើម្បីការពារការវាយប្រហារស្រដៀងគ្នានេះកុំឲ្យកើតមានឡើងជាថ្មី។ បុរសជាឃាតកដែលត្រូវបានប៉ូលិសបាញ់សម្លាប់នោះ ត្រូវបានបំផុសគំនិតដោយក្រុម ISIS ហើយធ្លាប់ស្ថិតក្រោមការតាមដានរបស់អាជ្ញាធរ បន្ទាប់ពីរូបគេត្រូវបានដោះលែងពីពន្ធនាគារមុនពេលមានហេតុការណ៍នេះ។ ដោយឡែក កាលពីខែមីនា ឆ្នាំ២០១៩ មនុស្ស៥១នាក់ ក៏ត្រូវបានភេរវករជាខ្មាន់កាំភ្លើងម្នាក់បាញ់រះសម្លាប់ នៅឯវិហារអ៉ីស្លាមចំនួន ២ នៅក្នុងទីក្រុង Christchurch ផងដែរ៕