(កៀវ)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) បាននិយាយថាលោកបានស្នើទៅកាន់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ឱ្យផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៉ីរ៉ង់ បន្ទាប់ពីមានការចោទប្រកាន់ថាទីក្រុងមូស្គូ ប្រើប្រាស់យន្ដហោះដ្រូនអត្តឃាតផ្គង់ផ្គង់ដោយទីក្រុងតេហេរ៉ង់ វាយប្រហារលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។

នៅក្នុងវីដេអូមួយបង្ហោះលើ Facebook នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក គូលេបា បានគូសបញ្ជាក់ដូច្នេះថា «ដោយមើលឃើញពីទំហំបំផ្លិចផ្លាញដោយ យន្ដហោះដ្រូនអ៉ីរ៉ង់ លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ការស្លាប់ និងរងរបួសនៃប្រជាជនរបស់យើង...ព្រមទាំងលទ្ធភាពដែលអ៉ីរ៉ង់នឹងបន្តផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី ខ្ញុំបាន ដាក់សំណើមួយដើម្បីស្នើឱ្យលោកប្រធានាធិបតី (ហ្សេលេនស្គី) កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៉ីរ៉ង់»។ លោក គូលេបា បន្ថែមទៀតថាទីក្រុងកៀវ ជឿជាក់ យ៉ាងមុតមាំថាយន្ដហោះដ្រូនដែលរុស្ស៉ីកំពុងប្រើ គឺផលិតដោយអ៉ីរ៉ង់ ហើយថាអ៊ុយក្រែននឹងចែករំលែកភស្តុតាងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួនដែលនៅតែ មានការសង្ស័យនៅឡើយ។

គួរបញ្ជាក់ថា រុស្ស៉ីកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានប្រើយន្ដហោះដ្រូនអត្តឃាតរាប់សិបគ្រឿង វាយប្រហារលើគោលដៅជាច្រើនក្នុងប្រទេសអ៊ុយក្រែន រួមមានទាំង ហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិល ព្រមទាំងសម្លាប់មនុស្សយ៉ាងហោច ៨នាក់ផងដែរ៕