(ញូវយ៉ក)៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង មានគម្រោងលើកយកការចោទប្រកាន់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់យន្ដហោះដ្រូនដោយអ៉ីរ៉ង់ ឱ្យរុស្ស៉ី មកពិភាក្សានៅឯកិច្ចប្រជុំបិទទ្វារមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅញូវយ៉ក)។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។

សេចក្ដីរាយការណ៍ពីកិច្ចប្រជុំបិទទ្វារខាងលើ កើតមានឡើងបន្ទាប់ពីរុស្ស៉ីត្រូវបានអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចចោទប្រកាន់ថាបានប្រើប្រាស់ «យន្ដហោះដ្រូនអត្តឃាត» ផ្ដង់ផ្គង់ដោយអ៉ីរ៉ង់ វាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន និងផ្ដាច់យកជីវិតមនុស្ស៥នាក់ក្នុងទីក្រុងកៀវ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

បើតាមរដ្ឋាភិបាលអ៊ុយក្រែន យន្ដហោះដ្រូនដែលរុស្ស៉ីបានប្រើ គឺជាប្រភេទយន្ដហោះដ្រូនអ៉ីរ៉ង់ សាហ៉ីដ-១៣៦ (Shahed-136) ហើយទីប្រឹក្សាមួយចំនួន របស់លោក ហ្សេលេនស្គីក៏កំពុងជំរុញឱ្យទីក្រុងកៀវ ផ្ដាច់ទំនាក់ទំនងការទូតជាមួយទីក្រុងតេហេរ៉ង់ផងដែរ។ យ៉ាងណាក៏ដោយ អ៉ីរ៉ង់បានបដិសេធថាខ្លួនមិន បានផ្គត់ផ្គង់យន្ដហោះដ្រូនឱ្យរុស្ស៉ីនោះទេ ខណៈទីក្រុងវ៉ាស៊ីនតោនចោទថាអ៉ីរ៉ង់និយាយកុហក៕