(មូស្គូ)៖ មេបញ្ជាការថ្មីរបស់កងទ័ពរុស្ស៉ី ដែលវិមានក្រឹមឡាំងទើបនឹងចាត់តាំងឲ្យដឹកនាំការប្រយុទ្ធនៅអ៊ុយក្រែន បានទទួលស្គាល់ដ៏កម្រមួយថាពួកគេ កំពុងរងសម្ពាធយ៉ាងខ្លាំង ក្រោមការវាយបករបស់កងទ័ពអ៊ុយក្រែន ដើម្បីដណ្តើមយកមកវិញនូវតំបន់ភាគខាងត្បូង និងខាងកើតដែលទីក្រុងម៉ូស្គូ បានកាត់ បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួន កាលពីប៉ុន្មានសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។
ឧត្តមសេនីយ៍រុស្ស៉ី សឺហ្គៃ ស៊ូរ៉ូវីគីន (Sergei Surovikin) មេបញ្ជាការដែលបច្ចុប្បន្នកំពុងដឹកនាំបញ្ជាកងកម្លាំងរបស់រុស្ស៊ីនៅអ៊ុយក្រែន បានប្រាប់បណ្តាញ ព័ត៌មានរដ្ឋរុស្ស៉ី Rossiya 24 យ៉ាងដូច្នេះថា «ស្ថានភាពនៅក្នុងតំបន់នៃប្រតិបត្តិការយោធាពិសេស អាចនិយាយបានថាកំពុងមានភាពតានតឹង។ ក្នុងតំបន់ខឺសុន, ស្ថានភាពគឺលំបាកណាស់។ សត្រូវកំពុងវាយលុកដោយចេតនាបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងអគារលំនៅដ្ឋាន»។
គួរបញ្ជាក់ថា ទាំងអ៊ុយក្រែន និងរុស្ស៊ី បានបដិសេធមិនកំណត់គោលដៅលើជនស៊ីវិល ទោះបីជាទីក្រុងកៀវបានចោទប្រកាន់កងកម្លាំងរបស់ទីក្រុងម៉ូស្គូ ពីបទឧក្រិដ្ឋកម្មសង្គ្រាមក៏ដោយ៕