(បែរឡាំង)៖ ប៉ុន្មានសប្ដាហ៍ក្រោយ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីវាយសម្រុកចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បានប្រកាសពីការផ្លាស់ប្ដូរគោលនយោបាយយោធា និងសន្តិសុខជាប្រវត្តិសាស្ត្រមួយជាការឆ្លើយតប ទៅនឹងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ អាល្លឺម៉ង់ ក៏បាន និងកំពុងផ្ដល់ជំនួយយោធា ព្រមទាំងប្រព័ន្ធអាវុធសំខាន់ៗមួយចំនួនឱ្យទីក្រុងកៀវ ផងដែរ ប៉ុន្តែទីក្រុងបែរឡាំងនៅតែត្រូវបានគេឃើញថាមាន «ការស្ទាក់ស្ទើរនៅឡើយ» ការកាន់តួនាទីដឹកនាំសន្តិសុខអឺរ៉ុប។
ចាប់តាំងពីចុងខែមករាមក រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាផ្ដល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ១.១៦ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានអាវុធ បរិក្ខារយោធា និងជំនួយហិរញ្ញវត្ថុក្នុងទិសដៅយោធា។ បើគិតទៅលើការចំណាយក្នុងការជួយអ៊ុយក្រែន អាល្លឺម៉ង់ឈរពីលើបារាំង ប៉ុន្តែដេញតាមពីក្រោយ ចក្រភពអង់គ្លេស និងប្រទេសប៉ូឡូញ។
ជាការពិតណាស់ ទាំងទំហំ និងបរិមាណនៃជំនួយយោធាដែលអាល្លឺម៉ង់ផ្ដល់ឱ្យអ៊ុយក្រែន មានការកើនឡើងជាលំដាប់ចាប់ពីសង្រ្គាមផ្ទុះឡើងមកម្ល៉េះ។ អាល្លឺម៉ង់ បាន ចាប់ផ្ដើមផ្ដល់បរិក្ខារមូលដ្ឋានដូចជាមួកទាហាន ហើយបច្ចុប្បន្ន បាន និងកំពុងបញ្ជូនអាវុធធុនធ្ងន់ ដូចជាប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត កាំភ្លើងធំ (howitzers) កាំភ្លើងយន្ដ ប្រឆាំងយន្ដហោះចម្បាំង រថពាសដែក និងប្រព័ន្ធអាវុធការពារដែនអាកាសចំនួន ៤គ្រឿង ក្នុងនោះមានមួយគ្រឿងទើបតែបញ្ជូនទៅដល់អ៊ុយក្រែន រីឯ៣គ្រឿងដែល នៅសល់នឹងត្រូវប្រគល់នៅឆ្នាំ២០២៣ឯណោះ ដោយសារតែការផលិតមានកំណត់។ សមត្ថភាពផលិតមិនមែនជាឧបសគ្គតែមួយគត់របស់អាល្លឺម៉ង់ ក្នុងការបង្កើនការ ផ្ដល់ជំនួយដល់អ៊ុយក្រែននោះទេ ដ្បិត «ឆន្ទៈនយោបាយ» ក៏ជាកត្តាមួយដ៏សំខាន់នៅពីក្រោយការស្ទាក់ស្ទើរផងដែរ ហើយណាមួយទីក្រុងបែរឡាំង បានបង្កើន ការផ្ដល់ជំនួយយោធាឱ្យទីក្រុងកៀវ ដោយសារតែសម្ពាធនៅក្នុងស្រុក និងពីសម្ព័ន្ធមិត្តរបស់ខ្លួនតែប៉ុណ្ណោះ។
និយាយពីទំហំសេដ្ឋកិច្ច និងនយោបាយ បណ្ដាប្រទេសនៅអឺរ៉ុបភាគច្រើនសុទ្ធតែរំពឹងថាអាល្លឺម៉ង់នឹងដើរតួនាទីដឹកនាំអឺរ៉ុប ក្នុងការចាត់វិធានការឆ្លើយតបចំពោះ សង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន។ តែដោយសារតែភ័យខ្លាចធ្វើឱ្យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំជាមួយរុស្ស៉ី អាល្លឺម៉ង់នៅតែបន្តស្ទាក់ស្ទើរទទួលយកតួនាទី មួយនេះ។ លើសពីនេះទៅទៀត ខណៈសង្រ្គាមនៅអ៊ុយក្រែនកំពុងឈានដល់ដំណាក់កាលដ៏គ្រោះថ្នាក់ ក្រុមអ្នកបង្កើតគោលនយោបាយអាល្លឺម៉ង់ មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង នោះគឺថាតើអាល្លឺម៉ង់គួរតែបញ្ជូនរថក្រោះប្រយុទ្ធ Leopard ទៅឱ្យអ៊ុយក្រែនតាមការស្នើសុំរបស់លោក ហ្សេលេនស្គី ដែរឬក៏យ៉ាងណា?
មកទល់នឹងពេលនេះ គ្មានប្រទេសលោកខាងលិចណាមួយ ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក បានបញ្ជូនរថក្រោះប្រយុទ្ធផលិតដោយលោកខាងលិចទៅឱ្យ អ៊ុយក្រែននោះទេ ដែលនេះកាន់តែធ្វើឱ្យអាល្លឺម៉ង់ស្ទាក់ស្ទើរធ្វើរឿងនេះតែម្នាក់។ ប៉ុន្តែ រឿងដែលសំខាន់គឺនៅត្រង់ថា រដ្ឋាភិបាលអាល្លឺម៉ង់មិនបានទទួលយក អនុសាសន៍ពីក្រុមអ្នកជំនាញ និងសភាអឺរ៉ុប ដើម្បីដឹកនាំគំនិតផ្ដួចផ្ដើមផ្ដល់ឱ្យអ៊ុយក្រែននូវរថក្រោះ (Leopard) ឡើយ ហើយលោក អូឡាហ្វ សូលស៍ថែមទាំងបាន លើកឡើងម្ដងហើយម្ដងទៀតថាការបញ្ជូនរថក្រោះប្រយុទ្ធឱ្យអ៊ុយក្រែន វាជាការឆ្លងបន្ទាត់ក្រហមដែលអាចនឹងធ្វើឱ្យផ្ទុះសង្គ្រាមទ្រង់ទ្រាយធំជាមួយរុស្ស៉ី។
ការភ័យខា្លចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំជាមួយរុស្ស៉ីនេះឯង គឺជា «កត្តាដ៏ចម្បង» ដែលមានឥទ្ធិពលខ្លាំងលើការសម្រេចចិត្តរបស់អាល្លឺម៉ង់។ ផ្ទុយពីប៉ូឡូញ និងរដ្ឋ ក្នុងតំបន់បាល់ទិក អាល្លឺម៉ង់មិនបានមើលឃើញថារុស្ស៉ីជាការគំរាមកំហែងបន្ទាន់ដល់សន្តិសុខជាតិរបស់ខ្លួនឡើយ តែមានការព្រួយបារម្ភជាខ្លាំងពីការផ្ទុះសង្រ្គាមរវាង រុស្ស៉ី និងបក្សសម្ព័ន្ធយោធាណាតូ (NATO)។ លោក សូលស៍ បានចាត់ទុកគោលជំហរបែបនេះស្របគ្នាទៅនឹងគោលនយោបាយរដ្ឋបាលលោក ប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលអះអាងថាការបញ្ចៀសសង្រ្គាមលោកលើកទី៣ ឬសង្រ្គាមនុយក្លេអ៊ែរគឺជាអាទិភាពមួយរបស់សហរដ្ឋអាមេរិក។
តែទោះជាបែបនេះក្ដី សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌ច្រើនជាង ២ដង បើធៀបទៅនឹងជំនួយយោធាដែលប្រទេសជាសមាជិក សហភាពអឺរ៉ុបផ្ដល់ឱ្យអ៊ុយក្រែនទៅទៀត ហើយទីក្រុងវ៉ាស៊ីនតោន ក៏កំពុងផ្ដល់សញ្ញាខ្លះដែរថាអាល្លឺម៉ង់គួរតែសម្រេចចិត្តដោយខ្លួនឯងថាតើគួរតែបញ្ជូនរថក្រោះ ប្រយុទ្ធឱ្យទីក្រុងកៀវដែរ ឬក៏យ៉ាងណា?
គណបក្សចំនួន៣ ដែលសិ្ថតនៅក្នុងរដ្ឋាភិបាលចម្រុះអាល្លឺម៉ង់ មានការខ្វែងគំនិតគ្នាជុំវិញការបញ្ជូនរថក្រោះប្រយុទ្ធឱ្យអ៊ុយក្រែន ដោយក្នុងនោះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អាណាលេណា បែរបុក (Annalena Baerbock) មកពីគណបក្ស Green party និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក គ្រីស្ទៀន លីនណឺ (Christian Lindner) មកពីគណបក្ស Free Democratic Party បង្ហាញការគាំទ្រ និងយល់ព្រម ខណៈគណបក្ស Social Democratic Party របស់លោក អូឡាហ្វ សូលស៍ ដែលដឹកនាំស្ថាប័ននាយករដ្ឋមន្ត្រី និងក្រសួងការពារជាតិ ដែលមានអំណាចធ្វើការសម្រេចចិត្តលើបញ្ហានេះ តែបែរជាមានភាពស្ទាក់ស្ទើរទៅវិញ ស្របពេលការយល់ឃើញនៅក្នុងចំណោមប្រជាជនអាល្លឺម៉ង់ក៏មានការខ្វែងគំនិតគ្នាច្រើនផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនមក អាល្លឺម៉ង់ពិតជាបានផ្លាស់ប្ដូរប្រាកដមែន ជាមួយការបោះជំហានកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរុស្ស៉ី និងបង្កើនកញ្ចប់ ថវិកាយោធាប្រចាំឆ្នាំដល់ទៅ ៩៧.៨ពាន់លានដុល្លារ (១០០ពាន់លានអឺរ៉ូ) គួបផ្សំនឹងការបញ្ជាទិញយន្ដហោះចម្បាំង F-35 បន្ថែមពីសហរដ្ឋអាមេរិក ដើម្បីពង្រឹង សមត្ថភាពយោធារបស់ខ្លួន។ អតីតអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល ធ្លាប់បានអំពាវនាវជារឿយៗឱ្យអឺរ៉ុបជាអ្នកសម្រេចជោគវាសនា ដោយខ្លួនឯង ប៉ុន្តែសង្រ្គាមអ៊ុយក្រែនបានបង្ហាញថាសព្វថ្ងៃ សហរដ្ឋអាមេរិកនៅតែបន្តដឹកនាំអឺរ៉ុប រីឯអឺរ៉ុបនៅតែត្រូវដើរតាមក្រោយអាមេរិក៕