Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រាប់មីស៊ីលរុស្ស៉ី វាយប្រហារគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពល និងទឹកនៅទូទាំងអ៊ុយក្រែន មុនពេលរដូវរងាមកដល់

18-10-2022 20:36

(កៀវ)៖ មីស៊ីលរុស្ស៊ីបានវាយប្រហារគោលដៅហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃអង្គារ (១៨ តុលា) ខណៈដែលទីក្រុងមូស្គូបានបង្កើននូវអ្វីដែលហាក់ដូចជា យុទ្ធនាការដោយចេតនាដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និងទឹក មុនពេលរដូវរងាមកដល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២។

គ្រាប់មីស៊ីលបាន​វាយប្រហារ​រោងចក្រ​ផលិត​ថាមពល​ នៅ​តាម​​ទីក្រុងទីប្រជុំជន​អ៊ុយក្រែន​ដែល​មាន​មនុស្ស​រាប់លាន​នាក់រស់នៅ។ ទីក្រុងមូស្គូបានទទួលស្គាល់ការកំណត់គោលដៅទៅលើរោងចក្រថាមពលទាំងនោះ ខណៈដែលអ៊ុយក្រែនបាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធទឹកក៏ត្រូវបានវាយប្រហារផងដែរ។

លោក Kyrylo Tymoshenko អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា «នៅពេលនេះស្ថានភាពនៅទូទាំងប្រទេសគឺធ្ងន់ធ្ងរណាស់...ប្រទេសទាំងមូលត្រូវតែត្រៀមខ្លួនសម្រាប់ការដាច់ចរន្តអគ្គិសនី ទឹក និងកំដៅ»

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារនេះបាន ប្រកាសថា ប្រហែលជា៣០ភាគរយ នៃស្ថានីយថាមពលនុយក្លេអ៊ែររបស់ប្រទេសលោក ត្រូវបានបំផ្លិចបំផ្លាញដោយសារតែស្នាដៃរបស់រុស្ស៉ី គិតចាប់តាំងពីថ្ងៃទី១០ ខែតុលាមក ដែលប្រការនេះបាន បង្កជាបញ្ហាដាច់ចរន្តអគ្គិសនី នៅពាសពេញប្រទេស។

លោក ហ្សេលេនស្គី បានពិពណ៌នាការវាយប្រហាររបស់រុស្ស៉ីថាជា «អំពើភេរវកម្ម» ដែលមានគោលដៅលើ ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធថាមពល។ លោកប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមថា នាពេលនេះវាមិនមាននៅសល់ឱកាស ដើម្បីអង្គុយនៅតុចរចាគ្នាដោយសន្តិវិធី ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ទៀតឡើយ៕